លោក ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករង និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។

ពិធីនេះមានការចូលរួមពីក្រុមការងារគណៈប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ស្នងការរង លោក លោកស្រី នាយ-នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលក្រុង-ស្រុក និងលោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជាច្រើនរូប។

ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ស៊ីញ សុនេរ៉ា នាយផ្នែក និងជាតំណាងក្រុមការងារសវនកម្មផ្ទៃក្នុង បានអានសេចក្តីព្រាងរបាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃការធ្វើសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ជាលទ្ធផល បណ្តាផែនការងារជំនាញទាំង១៣ បានឯកភាពទទួលយកអនុសាសន៍របស់ក្រុមសវនកម្ម ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី បានមានមតិបំពេញបន្ថែមលើរបាយការណ៍សវនកម្ម ដោយបញ្ជាក់ថា ថ្នាក់ដឹកនាំ និងគ្រប់ផែនការងារជំនាញ នឹងប្តេជ្ញាអនុវត្តតាមអនុសាសន៍ដែលបានដាក់ចេញ ព្រមទាំងបន្តពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់អង្គភាព ឱ្យស្របតាមគោលការណ៍ និងស្តង់ដារសវនកម្មផ្ទៃក្នុង។

មានប្រសាសន៍ក្នុងពិធីបិទ លោកឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងដំណើរការធ្វើសវនកម្ម និងបានបញ្ជាក់ថា ការត្រួតពិនិត្យលើផែនការងារដែលមានហានិភ័យមធ្យម និងហានិភ័យទាប បានបង្ហាញថា មានផែនការងារចំនួន៣ អនុវត្តបានពេញលេញ និងផែនការងារចំនួន១០ អនុវត្តបានក្នុងកម្រិតមធ្យម ដែលត្រូវបន្តកែលម្អ និងពង្រឹងបន្ថែម។
លោកបានផ្តល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលរួមមាន៖ ពង្រឹងការគ្រប់គ្រងកម្លាំងនគរបាល ជាពិសេសដោះស្រាយបញ្ហាខ្វះកម្លាំងនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល, លើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃល្អ និងអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តខុសវិន័យ និងនីតិវិធី, ពង្រឹងការគោរពវិន័យ តួនាទី និងភារកិច្ចរបស់កងកម្លាំង, ជំរុញការបណ្តុះបណ្តាលជំនាញ ជាពិសេសវគ្គនគរបាលយុត្តិធម៌, ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព សន្សំសំចៃ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យបន្តពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ខិតខំស្នើសុំប្លង់កម្មសិទ្ធិដីសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាល, បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក, បន្តទប់ស្កាត់បញ្ហាក្មេងទំនើង, យកចិត្តទុកដាក់អនុវត្តដីការបស់សាលាដំបូងឱ្យមានប្រសិទ្ធភាព និងពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដោយភ្ជាប់ជាមួយការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ អំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីរួមចំណែកកសាងសង្គមមួយប្រកបដោយសុវត្ថិភាព និងគ្មានគ្រឿងញៀន៕
អត្ថបទដោយ÷ស្នងការនគរបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល









