ក្រុមហ៊ុនចិន ស្វែងរកឱកាសវិនិយោគ ឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្រុមហ៊ុន Royal Vopak របស់ប្រទេសចិន មានផែនការស្វែងរកឱកាសវិនិយោគលើការបង្កើត ស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេងនៅកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល ។

ក្នុងឱកាសសម្តេចធិបតីអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត គូសបញ្ជាក់ថា ក្រុមហ៊ុន មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះ ស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ។
លោកបន្តថា ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុកឧស្ម័ន, ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម, ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។ ប្រធានក្រុមហ៊ុនបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង នៅកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតីស្វាគមន៍ចំពោះបំណងវិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជា។ សម្ដេចធិបតីគូសបញ្ជាក់ថា ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។

សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕










