ព័ត៌មានជាតិ

លោក ​ប៉ែន បូណា៖ ជំនួបជាមួយសម្តេចធិបតី ក្រុមហ៊ុនធំៗទាំង១៩របស់ចិន ចាប់អារម្មណ៍លើសក្តានុពលកម្ពុជា

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យបានលើកឡើងថា ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ស្ថិតនៅលើទឹកដីមហាអំណាចមិត្តដែកថែមចិនរយៈពេល៣ថ្ងៃដើម្បីចូលរួមក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” សម្តេចបានជួបតំណាងក្រុមហ៊ុនធំៗរបស់ចិនចំនួន១៩ក្រុមហ៊ុន ។

ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ​ប៉ែន បូណា ថ្លែងថា ក្របខ័ណ្ឌការទូតសេដ្ឋកិច្ច ក្នុងរយៈពេលយ៉ាងខ្លី សម្តេចធិបតី  ហ៊ុន ម៉ាណែត បានទទួលជួបតំណាងក្រុមហ៊ុនធំៗ និងឈានមុខក្នុងប្រទេសចិន ដល់ទៅ១៩ក្រុមហ៊ុន ។
 
លោកបន្តថា ក្រុមហ៊ុនទាំងនោះសុទ្ធតែ បានសម្តែងការចាប់អារម្មណ៍លើសក្តានុពល និងការអភិវឌ្ឍរបស់កម្ពុជាដែលធ្វើឱ្យពួកគេមានទំនុកចិត្ត និងស្វែងរកការបោះទុនវិនិយោគ ឬពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។
 
អ្នកនាំពាក្យគូសបញ្ជាក់ថា “ទាំងនេះគឺជាសមិទ្ធផលដ៏ធំធេង ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក្នុងនាមជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអភិក្រមនៃនយោ បាយ ការទូត«ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» និង«ការទូតសេដ្ឋកិច្ច»” ។
 
បន្ថែមពីលើពីនេះទៀត លោកប៉ែន បូណាសង្កត់ធ្ងន់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនដែលភ្លេចឡើយអភិក្រមដ៏សំខាន់មួយទៀត គឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទដែលកងកម្លាំងថៃ កំពុងបំពានលើបូរណភាពទឹកដីកម្ពុជាមួយចំនួន នៅតាមព្រំដែន៕

To Top