Feature

ស្ថានទូតឥណ្ឌា និង សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) លើគម្រោង ដែលផ្តល់ផលរហ័ស (Quick Impact Project) ដើម្បីបង្កើតបន្ទប់សន្និសីទ វីដេអូពីចម្ងាយ និងធ្វើទំនើបកម្ម មន្ទីរពិសោធន៍វិស្វកម្មអគ្គិសនី

ភ្នំពេញ ៖ ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីអនុវត្តគម្រោងដែលផ្តល់ផលរហ័ស (Quick Impact Project – QIP) ក្រោមប្រធានបទ «ការបង្កើតបន្ទប់សន្និសីទវីដេអូពីចម្ងាយ និងការធ្វើទំនើបកម្មមន្ទីរពិសោធន៍វិស្វកម្មអគ្គិសនី នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី»។

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដោយមានការនិមន្ត និងអញ្ជើញចូលរួមជាអធិបតីភាព និងជាសាក្សីពីសំណាក់ព្រះសង្ឃ តំណាងសាកលវិទ្យាល័យ សមាជិកគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតជាច្រើនរូប។

គម្រោងដែលផ្តល់ផលរហ័សនេះ នឹងបង្កើតឱ្យមានបន្ទប់សន្និសីទ វីដេអូពីចម្ងាយដ៏ទំនើបមួយ ព្រមទាំងធ្វើការកែលម្អ និងធ្វើទំនើបកម្ម មន្ទីរពិសោធន៍វិស្វកម្មអគ្គិសនី របស់សាកលវិទ្យាល័យ ដែលនឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់និស្សិត និងសាស្ត្រាចារ្យ ក្នុងការទទួលបានការអប់រំបែបឌីជីថល ការផ្លាស់ប្តូរការសិក្សាតាមប្រព័ន្ធនិម្មិត (Virtual Academic Exchanges) និងការអនុវត្តជាក់ស្តែងក្នុងវិស័យវិស្វកម្ម។ គម្រោងនេះមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំរបស់សាកលវិទ្យាល័យ និងពង្រីកឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧត្តមសិក្សា និងអ្នកជំនាញនានា។

ក្នុងឱកាសនោះផងដែរ លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់ពីទំនាក់ទំនងអារ្យធម៌ដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដែលមានឫសគល់ជាច្រើនសតវត្សមកហើយ តាមរយៈការផ្លាស់ប្តូរខាងសាសនា និងវប្បធម៌ ជាពិសេសបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏មានតម្លៃរួម។ លោកបានកត់សម្គាល់ថា វិស័យអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស បានក្លាយជាសសរស្តម្ភដ៏សំខាន់នៃភាពជាដៃគូដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌា ក្នុងការគាំទ្រដល់ស្ថាប័ននានាដែលបណ្តុះបណ្តាលយុវជនឱ្យមានចំណេះដឹង និងជំនាញចាំបាច់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ។

គម្រោងនេះ ត្រូវបានកសាងឡើងផ្អែកលើភាពជាដៃគូដ៏យូរអង្វែងរបស់ប្រទេសឥណ្ឌាជាមួយពុទ្ធិកសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា។ តាមរយៈគម្រោងដែលផ្តល់ផលរហ័ស (QIP) កន្លងមក ប្រទេសឥណ្ឌាបានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន (IT Centres) នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងសាខាខេត្តបាត់ដំបង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ ថ្មីៗនេះ
ស្ថានទូតឥណ្ឌាក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដើម្បីផ្តល់គ្រឿងសង្ហារិម និងឧបករណ៍កុំព្យូទ័រសម្រាប់អគារស្នាក់នៅថ្មីរបស់និស្សិតស្រី។ គំនិតផ្តួចផ្តើមទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងឥណ្ឌា និងកម្ពុជា ក្នុងការលើកកម្ពស់ឱកាសអប់រំ និងពង្រឹងសមត្ថភាពរបស់ស្ថាប័នអប់រំ និងយុវជនកម្ពុជា។

ប្រទេសកម្ពុជា នៅតែជាដៃគូដ៏មានតម្លៃក្រោម «នយោបាយឆ្ពោះទៅទិសខាងកើត» (Act East Policy) របស់ឥណ្ឌា និងក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា» (Mekong–Ganga Cooperation)។ ប្រទេសឥណ្ឌាអនុវត្តគម្រោងដែលផ្តល់ផលរហ័ស (QIP) ចំនួន ១០ គម្រោងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា លើវិស័យអាទិភាពនានា រួមមាន៖ វិស័យអប់រំ សុខាភិបាល ការលើកកម្ពស់ស្ត្រី អនាម័យ កសិកម្ម និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ គិតមកទល់ពេលនេះ គម្រោង QIP ចំនួន ៧៤ ត្រូវបានអនុម័ត ដោយក្នុងនោះមាន ៥៥ គម្រោងត្រូវបានបញ្ចប់ ដោយជោគជ័យ និង ១៩ គម្រោងទៀតកំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។ គម្រោងទាំងអស់នេះ សុទ្ធតែស្រប តាមអាទិភាព ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីៗទាំងនេះ បានសង្កត់ធ្ងន់បន្ថែមទៀត លើភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងឥណ្ឌា និង កម្ពុជា ដោយផ្តោតលើផលប៉ះពាល់នៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជីវភាព រស់នៅប្រកបដោយចីរភាព ៕

To Top