លោក វ៉ាង វិនពីន៖ ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏ល្អសម្រាប់ការអភិវឌ្ឍរួមគ្នា ដែលមានចំណងមិត្តភាពដែកថែប ដ៏រឹងមាំ មិនអាចបំបែកបាន
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏ល្អសម្រាប់ការអភិវឌ្ឍរួមគ្នា ដែលមានចំណងមិត្តភាពដែកថែបដ៏រឹងមាំដែលមិនអាចបំបែកបាន។ នេះបើយោងតាមសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីអំឡុងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទសន្សកិច្ចនៅប្រទេសចិន។
លោក ឯកអគ្គរដ្ឋបានលើកឡើងថា ភាគីចិនតែងតែចាត់ទុកទំនាក់ទំនង ជាមួយប្រទេសកម្ពុជា ស្ថិតនៅជួរអាទិភាពនៃការទូតជាមួយប្រទេសជិតខាង ហើយរីករាយសហការ ជាមួយប្រទេសកម្ពុជា ដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ សាមគ្គីគ្នាយ៉ាងស្អិតរមួត និងជម្រុញការកសាង សហគមន៍វាសនារួមរវាង ចិន-កម្ពុជា គ្រប់រដូវកាលនៅក្នុងយុគសម័យថ្មី ទទួលសមិទ្ធផលកាន់តែច្រើន បន្ថែមកម្លាំងចលករ ដល់ការធ្វើទំនើបកម្ម នៃប្រទេសទាំងពីរ។
លោកបន្ថែមថា ភាគីចិន រីករាយក្នុងការសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញកសាង«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»ដែលមានវិស័យអាទិភាព៦ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ»ជាដើម ចាប់យកការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនិងសំខាន់ៗ និងពង្រីកទ្រង់ទ្រាយពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់។
លោក បញ្ជាក់ថា ភាគីចិន គាំទ្រដល់សហគ្រាសចិន ដែលមានសមត្ថភាពកាន់តែច្រើន ក្នុងការវិនិយោគនៅកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗមានដូចជា ថាមពលថ្មី បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងផលិតកម្មទំនើប រួមគ្នាបណ្តុះបណ្ដាលកម្លាំងជំរុញថ្មីៗនៃការអភិវឌ្ឍ។
ភាគីទាំងពីរ ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដើម្បីបង្កើនការយោគយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននិងប្រជាជន ទន្ទឹមនឹងនេះក៏រួមគ្នាលុបបំបាត់ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេតនិងឆបោកក្នុងប្រព័ន្ធទូរគមនាគមន៍ ធានាសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕









