Feature

រដ្ឋមន្ត្រីសុខាភិបាល ៖ ផ្តើមពីគ្រូពេទ្យម្នាក់ៗ ខិតខំឱ្យក្លាយជាធនធានល្អ នឹងធ្វើឱ្យរចនាសម្ព័ន្ធសុខាភិបាលរឹងមាំ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ផ្តើមពីគ្រូពេទ្យម្នាក់ៗខិតខំឱ្យក្លាយជាធនធានល្អ នឹងធ្វើឱ្យរចនាសម្ព័ន្ធសុខាភិបាល ទាំងមូលរឹងមាំ និងជាកម្លាំងជំរុញការកែលម្អសុខាភិបាលឱ្យបានប្រសើឡើង។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD Day) លើកទី៦ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់សុខភាព ដើម្បីគុណភាពជីវិតឱ្យកាន់តែស្រស់បំព្រង» រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា មូលដ្ឋានសុខាភិបាលល្អ ជាមូលដ្ឋានដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការសង្គ្រោះអាយុជីវិត ការពារសេចក្តីថ្លៃថ្នូរអ្នកជំងឺ និងរក្សាបាននូវនិរន្តភាពទំនុកចិត្តពីប្រជាពលរដ្ឋ។

ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត រៀបចំឡើង ដោយគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពវិជ្ជាជីវៈ ការរៀនសូត្រពេញមួយជីវិត និងបង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ សាស្រ្តាចារ្យ សមាគម សមាជិកគណៈគ្រូពេទ្យ ចូលរួមផ្ទាល់ ៤០០នាក់ និងតាមប្រព័ន្ធអនឡាញ Zoom ចំនួន ១៣០០នាក់៕

To Top