Feature

រាជធានីភ្នំពេញ និង ខេត្តហៃឡុងជាំង នៃប្រទេសចិន ពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាព ដើម្បីជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ រាជធានីភ្នំពេញ និង ខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន នឹងពិនិត្យលទ្ធភាពចង សម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត។

ការពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាព ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងជំនួបសំដែងការគួសមនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានលើកបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលបានបន្តទៀតថា កម្ពុជា និងចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាង៦០ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងជាច្រើនរបស់ប្រទេសចិន។

លោក ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំង ក្នុងជំនួបសម្តែងការគួរសមនោះ បានមានប្រសាសន៍លើកឡើងថា គោលបំណងរបស់ប្រតិភូលោក អញ្ជើញមករាជធានីភ្នំពេញនាពេលនេះ គឺចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការល្អ​មួយ ជាមួយរាជធានីភ្នំពេញ ពិសេសចង់ជំរុញវិស័យទេសចរណ៍ និងលើកទឹកចិត្តក្នុងការនាំចូលផលិតផលផ្លែឈើរបស់កម្ពុជា ទៅលក់នៅខេត្តហៃឡុងជាំង។

លោកបានបន្តទៀតថា នៅខេត្តរបស់លោក វិស័យទេសចរណ៍នៅរដូវទឹកកក គឺបានភាពទាក់ទាញខ្លាំង ជាពិសេសនៅទីក្រុង ហាប៊ីន។ រីឯនៅកម្ពុជា មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងតំបន់ទេសចរណ៍ជាច្រើនទៀត រួមទាំងរាជធានីភ្នំពេញ ដែលទាំងអស់នេះ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំងគួរសហការគ្នា ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្លួន ដើម្បីជំរុញវិស័យទេសចរណ៍ នៃទីក្រុងទាំងពីរឱ្យកាន់តែរស់រវើកថែមទៀត។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអភិបាលរង ក៏បានអញ្ជើញអភិបាលរាជធានីភ្នំពេញ និងសហការី ដើម្បីបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំង នារដូវទឹកកកខាងមុខនេះផង។

ឆ្លើយតបនឹងបំណងរបស់លោកអភិបាលរងខេត្តហៃឡុងជាំង ដែលចង់ឱ្យមានទំនាក់ទំនងក្នុងភាពជាដៃគូ និងសហប្រតិបត្តិការល្អ​ ជាមួយគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍លោក ឃួង ស្រេង បានលើកឡើងពីថារាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង គួរពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់​ ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ កិច្ចការបន្ទាប់ គួរចាត់មន្រ្តីជំនាញ ដើម្បីពិភាក្សាលម្អិតអំពីខ្លឹមសារ នៃ MoU មុននឹងស្នើសុំការឯកភាពពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ដោយឡែក ឆ្លើយតបនឹងការអញ្ជើញ របស់លោកអភិបាលរងខេត្ត លោកអភិបាលនឹងពិនិត្យលទ្ធភាព និងពេលវេលាសមស្រប ដើម្បីដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅខេត្តហៃឡុងជាំងនាពេលខាងមុខ៕

To Top