សម្តេចធិបតី ៖ កម្ពុជា មិនចូលជាមួយកិច្ចការងារណា ដែលបង្កើតនូវជម្លោះ ឬបញ្ហាភូមិសាស្ត្រឡើយ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនចូលរួមជាមួយកិច្ចការងារណាមួយ ដែលបង្កើតឡើងដើម្បីបង្កជម្លោះជាមួយប្រទេសផ្សេង ឬជាប់ពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយអ្វីឡើយ ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីជាង១៥០០នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹក ពីការអញ្ជើញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ ដោយបានជួបជាមួយមេដឹកនាំចិន និងចូលរួមវេទិកា កិច្ចប្រជុំ Ai ដែលចិនដឹកនាំបង្កើត ខណៈដែលកម្ពុជា ចូលជាសហស្ថាបនិក ។
សម្តេចធិបតី អះអាងថា ការចូលរួមក្នុងវេទិកា បញ្ញាសិប្បនិម្មិតពិភពលោកនេះ ដោយសារតែវេទិកានេះ មិនពាក់ព័ន្ធទៅនឹងសន្តិសុខ ឬបង្កើតឡើងសម្រាប់បង្កជម្លោះឡើយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “គោលការណ៍របស់យើង គឺមិនចូលក្នុងយន្តការ ឬមួយកិច្ចការងារណា ដែលបង្កើតនូវជម្លោះ ឬមួយក៏រឿងបញ្ហាភូមិសាស្ត្រ ប៉ុន្តែវេទិកានេះ បង្កលក្ខណៈឱ្យយើងចូលរួម ទាញផលប្រយោជន៍ ពី Ai ពីយន្តការផ្សេងៗ ដើម្បីទាញយកមកពង្រឹងខ្លួនយើង” ។
បន្ថែមលើនេះ សម្តេចធិបតី មើលឃើញថា Ai គឺជាបច្ចុប្បន្ន និងជាអនាគត ដែលកម្ពុជា ត្រូវតែទទួលស្គាល់ និងត្រៀមលក្ខណៈ ហើយចាប់យកឱកាសពីពេលនេះតទៅ ប្រសិនបើមិនធ្វើដូច្នេះទេ នឹងធ្វើឱ្យកម្ពុជា ដើរថយក្រោយ ដើរមិនទាន់គេឡើយ ។
ជាមួយគ្នានេះ ក្នុងនាមជាប្រទេសតូច សម្តេចធិបតី ជឿជាក់ថា ការប្រឹងប្រែងអភិវឌ្ឍន៍ លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា Ai ផ្ទៃក្នុងគឺជាកិច្ចការងារដែលល្អ៕









