Feature

ពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ មកពីសង្កាត់ក្របីរៀល ក្រុងសៀមរាប

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៦ នៅសាលាសង្កាត់ក្របីរៀល បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋ មកពីមូលដ្ឋាន ក្នុងសង្កាត់ក្របីរៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក សូរសុភ័ក្រ្កទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារមនុស្សធម៌ សម្ដេចតេជោធិបតី ។

ជាកិច្ចចាប់ផ្ដើម លោកចៅសង្កាត់ក្របីរៀលលោក ឈួន យ៉ែប បានឡើងធ្វើរបាយការណ៍សង្ខេបជូនដល់គណៈអធិបតី ដោយលើកឡើងថា សង្កាត់ក្របីរៀល មានប្រជាពលរដ្ឋរស់នៅសរុបចំនួន 2702 គ្រួសារ ប្រជាពលរដ្ឋសរុបមាន 11,210 នាក់។ ប្រជាពលរដ្ឋទាំងអស់ មានមុខរបរកសិកម្មស្មើនឹង 57.1% និងប្រកបរបរសិប្បកម្មស្មើនឹង 11.4%និងប្រកបរបរសេវាកម្មចំនួន 31.5% ។

ក្រោយពីបញ្ចប់របាយការណ៍សង្ខេប របស់លោកចៅសង្កាត់ក្របីរៀល ថ្លែងក្នុងកម្មវិធីសំណេះសំណាលនេះ លោកសូរ សុភ័ក្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែន ក៏បានមានប្រសាសន៍ថា សម្ដេចតែងតែជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បញ្ហាសុខភាព និងបញ្ហាក្នុងវិស័យអប់រំមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ ពុំមានលទ្ធភាពឱ្យកូន មិនអាចបន្តការសិក្សាបាន ។ ដូច្នេះហើយទីណា ដែលបងប្អូន ប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានសម្ដេចតេជោធិបតី គឺជួយដល់បងប្អូន ដែលជួបការលំបាកទាំងអស់ នោះគឺពិតប្រាកដមែន។

ជាក់ស្ដែងក៏មានបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ក្របីរៀលនេះក៏ធ្លាប់ត្រូវបានធ្វើការព្យាបាលជានូវជំងឺពក ក រួចរាល់ជាស្ថាពរមកហើយ ដោយមានការយកចិត្តទុកដាក់ពីសម្ដេចផងដែរ ។

ជាចុងក្រោយលោក សូរសុភ័ក្រ្ក បានពាំនាំប្រសាសន៍សម្ដេចតេជោហ៊ុនសែន ផ្ដាំសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្របីរៀល នឹងការចែកជូននូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលនោះផងដែរ។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top