Feature

សហព័ន្ធទឹកនោមផ្អែម អន្តរជាតិទទួលស្គាល់ អ៊ុយនីតេជំងឺក្រពេញ និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែតជាផ្លូវការ

ភ្នំពេញ ៖ សហព័ន្ធទឹកនោមផ្អែមអន្តរជាតិ បានប្រកាសទទួលស្គាល់ “អ៊ុយនីតេជំងឺក្រពេញ និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត” ផ្លូវការប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ជា “Centre d’excellence en diabetologie” ទី១ នៅប្រទេសកម្ពុជា ។

 
លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងថា កិត្តិយសខ្ពង់ខ្ពស់ ជា Centre d’excellence en diabetologie ទី១ នៅប្រទេសកម្ពុជានេះ គឺជាសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារផ្នែកជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ។ សាស្ត្រាចារ្យបន្តថា សមិទ្ធផលនេះ បានចាប់ផ្តើមជាយូរមកហើយ ក្រោមការដឹកនាំរបស់អតីតអគ្គនាយក ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោកអគ្គនាយកបានផ្តល់អាទិភាព ដល់ការធ្វើនវានុវត្តន៍ដល់មន្ទីរពេទ្យកាល់ម៉ែត បានក្លាយជាមជ្ឈមណ្ឌល Insulin Pump ដំបូងគេនៅកម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលគ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិត DES ឱ្យស្គាល់ និងអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ។

 
លោកសាស្ត្រាចារ្យ គង់ សន្យា បន្ថែមថា បច្ចុប្បន្នបានពង្រីកសកម្មភាពរហូតទៅដល់ Continuous Glucose Monitoring (CGM ការប្រើ Dashboard System) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការតាមដានអ្នកជំងឺ ឧបករណ៍ទំនើបជាច្រើនផ្សេងទៀត ដូចជា ៖ ម៉ាស៊ីនថតបាតភ្នែក, ម៉ាស៊ីន Sudo Scan, ម៉ាស៊ីនអេកូ Doppler Vasculaire, ម៉ាស៊ីនអេកូ Thyroïde និង Cytoponction, និងចុងក្រោយ DEXA Scan សម្រាប់វាស់ឆ្អឹង និង Body Composition។ ឧបករណ៍ទាំងនេះ មិនត្រឹមតែជួយព្យាបាលអ្នកជំងឺទេ ប៉ុន្តែបានបង្កើតឱកាសស្រាវជ្រាវតាមស្តង់ដារអន្តរជាតិ។ ដោយសារតែការច្នៃប្រឌិត ការវិនិយោគ និងការងារជាក្រុមនេះ បានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីក្លាយជាមជ្ឈមណ្ឌលឯកទេសរបស់ Fédération Internationale du Diabète។

 
ចំណែកលោកសាស្ត្រាចារ្យជំនួយ ស៊ុំ សត្ថា ប្រធានអ៊ុយនីតេជំងឺក្រពេញ នៃជំងឺទូទៅបានឱ្យដឹងដែរថា កិត្តិយសនេះ មិនមែនត្រឹមជាការទទួល ស្គាល់តែប៉ុណ្ណោះទេ ប៉ុន្តែជាកេរ្តិ៍តំណែលនៃការច្នៃប្រឌិត និងការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារ ក្រោមការចង្អុលបង្ហាញ និងគាំទ្រយ៉ាងពេញទំហឹង ពីសាស្ត្រាចារ្យអគ្គនាយក ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកដែលតែងផ្តល់ អាទិភាពដល់ការនវានុវត្តន៍ ប្រកបដោយស្តង់ដាខ្ពស់ ដោយមិនស្ទាក់ស្ទើរ ។

លោកបន្តថា មន្ទីរពេទ្យកាល់ម៉ែត បានក្លាយជាមជ្ឈមណ្ឌល Insulin Pump ដំបូងគេនៅកម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលធនធានមនុស្ស គ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិត DES ឲ្យស្គាល់ និងអនុវត្តការប្រើប្រាស់ Insulin Pump៕

To Top