Feature

រដ្ឋមន្ត្រីមហាផ្ទៃ បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន

កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និង បំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសារ របស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ។
សារនេះ មានគោលដៅរួមចំណែក ទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ ។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនូវស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ និងការដុតបំផ្លាញគ្រឿងញៀននាឱកាសនេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជាទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ។

លោក ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវក្តីព្រួយបារម្ភ ពីស្ថានភាពបទល្មើសគ្រឿងញៀន មានការប្រែប្រួល ខុសប្លែកពីអតីតកាល និងមិនមែនជាបទល្មើសធម្មតាទៀតនោះឡើយ ប៉ុន្តែវាបានភ្ជាប់ខ្លួនយ៉ាងស្អិតរមួតជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ ការជួញដូរមនុស្ស ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលមានការរៀបចំជាប្រព័ន្ធយ៉ាងស្មុគស្មាញ។ ក្នុងនោះក្រុមឧក្រិដ្ឋជន តែងតែផ្លាស់ប្តូរមធ្យោបាយ និងឧបាយកលជានិច្ច ក្នុងការលបលួចធ្វើសកម្មភាពទុច្ចរិត ដើម្បីគេចផុតពីសំណាញ់ច្បាប់។

ទន្ទឹមនឹងការព្រួយបារម្ភ ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា សមត្ថកិច្ចកម្ពុជា ក៏បាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននេះជាបន្តបន្ទាប់ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខប្រជាពលរដ្ឋ នាឱកាសនេះ។

លោក ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បើពិនិត្យមើលនាពេលបច្ចុប្បន្ន ស្ទើរតែគ្មានគ្រួសារណាមួយដែលមិនរងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះឡើយ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យកាន់មានប្រសិទ្ធភាព មានតែការចូលរួមជាកម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយៗ ក្នុងការតាមដាន អប់រំ និងណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន៕

To Top