ប្រមុខការទូតកម្ពុជា ប្រាប់មិត្តបរទេសថា ជនស៊ីវិលកម្ពុជា ២ម៉ឺននាក់ បន្ដរស់នៅជម្រកបណ្ដោះអាសន្ន
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែ, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានប្រាប់អង្គប្រជុំថា ជនស៊ីវិលច្រើនជាង ២០,០០០នាក់ បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀត ខ្វះលទ្ធភាពទទួលបានការថែទាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផលវិបាកនៃស្ថានភាព មនុស្សធម៌ និងសិទ្ធិមនុស្ស ដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះន ជម្លោះព្រំដែន។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា «ជនស៊ីវិលច្រើនជាង ២០,០០០នាក់ បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយការលំបាក របស់ពួកគេយ៉ាងណាក៏ដោយ»។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់ នៅដូចធម្មតាវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ៕









