Feature

រដ្ឋមន្ត្រីមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងផ្ដល់អនុសាសន៍ពង្រឹងអង្គភាព

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចស្នើរាជរដ្ឋាភិបាល ទូលថ្វាយព្រះមហាក្សត្រ ផ្លាស់ប្ដូរមុខតំណែង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ហៅកាត់ គ.ជ.ប.ទ ដោយ លោក ជា តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋានជំនួស លោក នុត សត្យា ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ។

ពិធីប្រកាស បានប្រារព្ធឡើងនារសៀសថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការផ្ទេរភារកិច្ច និង តែងតាំងប្រធានលេខាធិការដ្ឋានថ្មីនាពេលនេះ ធ្វើឡើងស្របតាមគោលការណ៍គ្រប់គ្រង ធនធានមនុស្ស របស់រាជរដ្ឋាភិបាល ដោយផ្អែកលើសមត្ថភាព និងបទពិសោធ ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន និងឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។ ការផ្លាស់ប្តូរនេះមិនមែនជាការបដិសេធស្នាដៃចាស់នោះទេ ប៉ុន្តែជាការបន្តវេនដើម្បីពង្រឹង និងអភិវឌ្ឍសមិទ្ធផលដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនជូន លោកប្រធានលេខាធិការដ្ឋាន ដើម្បីយកទៅជាមូលដ្ឋានក្នុងការដឹកនាំ និងអនុវត្តភារកិច្ច នាពេលខាងមុខ មានជាអាទិ៍ ត្រូវមានចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំ ត្រូវពង្រឹងសាមគ្គីភាពនិងការងារជាក្រុម ត្រូវពង្រឹងប្រសិទ្ធភាពការងារ របស់លេខាធិការដ្ឋាន ត្រូវលើកកម្ពស់សមត្ថភាពមន្ត្រី ត្រូវពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ត្រូវយកចិត្តទុកដាក់លើការប្រមូល និងវិភាគទិន្នន័យស្ថិតិ ត្រូវបង្កើនការទំនាក់ទំនងសាធារណៈនិងលើកកម្ពស់ការយល់ដឹង និងត្រូវកសាងបណ្តាញសហការជាមួយអង្គការសង្គមស៊ីវិល ។

គួររម្លឹកថា គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។ គ.ជ.ប.ទ មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួន នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ៕

To Top