Feature

សិប្បកម្មកែច្នៃ ប្លាស្ទិកមួយ កន្លែង ក្នុងខេត្តកណ្តាល ត្រូវបានអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន

ភ្នំពេញ ៖ ថ្មីៗនេះ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋាន គាំពារបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ និងមន្ទីរបរិស្ថាន ខេត្តកណ្តាល បានចុះត្រួតពិនិត្យ សិប្បកម្មកែច្នៃប្លាស្ទិក ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានរកឃើញ ករណីមិនបានគោរព បទដ្ឋានគតិយុត្ត ទាក់ទងនឹងវិស័យបរិស្ថានត្រឹមត្រូវ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ថា ក្រុមការងារ បានចាត់វិធានការឱ្យសិប្បកម្ម ត្រូវបញ្ឈប់បង្ហូរសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ ។ ជាមួយគ្នានេះ សិប្បកម្មត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងត្រូវរៀបចំអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់សំណល់ រាវចេញពីការលាងសម្អាតប្លាស្ទិក ។ លើសពីនេះ សិប្បកម្មត្រូវធ្វើការស្តារ កំសំណល់ប្លាស្ទិកប្រមាណ ១០០ម៉ែត្រគូប ឱ្យក្រុមហ៊ុនដឹកជញ្ជូន ដឹកចេញដោយក្រុមហ៊ុន ផ្តល់សេវាដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ នៅក្រសួងបរិស្ថាន ។

លើសពីនេះ ក្រសួងបរិស្ថាន បានចាត់វិធាន ការចំពោះមុខ ដោយតម្រូវឱ្យសិប្បកម្មបញ្ឈប់បង្ហូរ សំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។

ជាមួយគ្នានេះ សិប្បកម្មត្រូវរង ពិន័យអន្តរការណ៍ លើករណីដូចជា៖ ពុំមានរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថានដំបូង យោងតាមមាត្រា ៦៦៨នៃក្រមបរិស្ថាន និងធនធានធម្មជាតិ, ពុំមានអាងប្រព្រឹត្តិកម្ម សម្អាតសំំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក យោងតាមមាត្រា ២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ, ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា ១៧៣នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងសិប្បកម្មត្រូវផ្តល់សំណងការខូចខាតដល់បរិស្ថាន និងសុខភាពសាធារណៈតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ អនុលោមតាមមាត្រា ១៦២ និងមាត្រា១៦៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕

To Top