កម្ពុជា អំពាវនាវ ឱ្យមានការបន្តគាំទ្រ ពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋាន ប្រាសាទព្រះវិហារ
ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវ ឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋាន ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ថា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
ក្នុងបទអន្តរាគមន៍ ចំពោះអង្គប្រជុំ លោកស្រី រដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សាធារណរដ្ឋកូរ៉េ សម្រាប់ការទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបេតិកភណ្ឌ ពិភពលោក ICOMOS និងដៃគូអន្តរជាតិទាំងអស់ ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
កម្ពុជា ក៏បានសម្តែងការកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះប្រាសាទ ព្រះវិហារ បន្ទាប់ពីជម្លោះប្រដាប់ អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ជាពិសេសការបញ្ជូនបេសកកម្ម ប្រឹក្សារួមរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងICOMOS ដែលបានអនុវត្តនៅខែមីនា ឆ្នាំ២០២៦ តាមការ អញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ការប៉ះទង្គិចប្រដាប់អាវុធ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យបេតិកភណ្ឌពិភពលោកនេះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value – OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន ។ រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហារដោយផ្ទាល់ ខណៈដែលសហគមន៍ មូលដ្ឋាន នៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ។
លោកស្រី រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្ត វិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀបចំឯកសារ បំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញ នាពេលអនាគត៕









