ក្រសួង២ រៀបចំសិក្ខាសាលា ស្តីពី «ការចែករំលែកបទពិសោធ នៃការចូលរួម របស់អាជ្ញាធរមូលដ្ឋាន»
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានសហការរៀបចំ សិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធ នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យ សុខាភិបាល» ជូនដល់សិក្ខាកាមជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រហូតដល់ថ្នាក់ឃុំ-សង្កាត់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។

សិក្ខាសាលានេះ មានការអញ្ជើញជាសហធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) និង លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ដើម្បីចែករំលែកបទពិសោធ និងវិធីសាស្ត្រល្អៗពីអាជ្ញាធរខេត្ត ដែលអនុវត្តបានល្អ ព្រមទាំងបំផុសចលនាឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងសកម្ម ក្នុងការប្រែក្លាយសាលារៀន និងមណ្ឌលសុខភាព ទៅជាអង្គភាពផ្តល់សេវាគំរូ ។

លើសពីនេះ អង្គសិក្ខាសាលានឹងផ្តោត លើការពង្រឹងអភិបាលកិច្ច និងបើកឱកាសឱ្យអ្នកចូលរួមផ្លាស់ប្តូរ មតិយោបល់គ្នាទៅវិញទៅមក ក្រោមការសម្របសម្រួលពីមន្ត្រីជំនាញផងដែរ៕











