Feature

បុគ្គលិក និងគ្រូពេទ្យប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ពង្រឹងសមត្ថភាពបន្ថែមអំពី«មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី១០ ស្តីពី«មូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ» សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សរុបចំនួន ៤០ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ។

នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គ្រូបង្គោល នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញ ជូនដល់សិក្ខាកាម អំពីឧបករណ៍សុវត្ថិភាពគ្រឿង ម៉ាស៊ីន ដែលមានហានិភ័យខ្ពស់ ប្រព័ន្ធសុវត្ថិភាពឡចំហាយ និងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យជាដើម។

លើសពីនេះ សិក្ខាកាមបានពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាព នៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព ជាពិសេសបានពិសោធដោយផ្ទាល់ពីការធ្លាក់ពីទីខ្ពស់ និងការប្រើខ្សែក្រវាត់សុវត្ថិភាពពេញដងខ្លួន (Full Body Harness) សម្រាប់សុវត្ថិភាពការងារទីខ្ពស់ និងអនុវត្តការពិសោធអំពីការសង្គ្រោះផ្លូវដង្ហើម (CPR) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះកម្មករនិយោជិត និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ។ វគ្គបណ្តុះបណ្តាលនេះ ក៏បានផ្សារភ្ជាប់សិក្ខាកាម ជាមួយនឹងការវិវត្ត នៃឌីជីថលភាវូបនីយកម្ម លើការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ តែងតែបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពដល់ភាគី ពាក់ព័ន្ធលើផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) តាមរយៈការបណ្ដុះបណ្ដាល ប្រកបដោយគុណភាព និង ប្រសិទ្ធភាពដោយរួមបញ្ជូលទាំងការសិក្សាផ្នែកទ្រឹស្ដី និងការអនុវត្តដោយផ្ទាល់ ជាមួយបរិក្ខារបណ្ដុះបណ្ដាលទំនើបៗ ស្របតាមការវិវត្តនៃពិភពការងារ៕

To Top