Feature

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជឿជាក់ថាជំនួប រវាងប្រធានាធិបតីបារាំង និងសម្ដេចធិបតី នៅខែវិច្ឆិកាខាងមុខ នឹងធ្វើឱ្យទំនាក់ទំនង​ ប្រទេសទាំងពីរ កាន់តែល្អប្រសើរ

ភ្នំពេញ៖​ លោក អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ជឿជាក់ថា ជំនួបរវាងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ខណៈដែលប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ។

ការលើកឡើងបែបនេះរបស់ លោក អូលីវិយេ រីស្ហា បានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនេះលោក អូលីវិយេ រីស្ហា បានរំលឹកថា កាលពី៣០ឆ្នាំមុន បានមករាជធានីភ្នំពេញម្តង បើប្រៀបធៀបរាជធានីភ្នំពេញ កាលពី៣០ឆ្នាំមុន និងពេលនេះ គឺខុសគ្នាខ្លាំងណាស់ រាជធានីភ្នំពេញ មានការផ្លាស់ប្តូរខ្លាំងនិងទំនើប។ បារាំងបានជួយកម្ពុជាច្រើន ដូចជា​៖​ វិស័យទឹកស្អាត អគ្គីសនី​ និងវិស័យផ្សេងទៀត។

លោកអគ្គរដ្ឋទូត ក៏បាន​បន្តទៀត​ថា​ បារាំងនឹងនៅតែ​បន្តសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស​ តាមរយៈ​ទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា​ ដែល​បាន​និង​កំពុង​ពិភាក្សាលើបញ្ហាគ្រប់ទ្រងទឹកកខ្វក់ នៅភាគ​ខាងជើង​រាជធានីភ្នំពេញ​ ហើយ​បើទោះជា​ពេល​នេះមិនទាន់ធ្វើកិច្ចសន្យាអ្វីបាន ប៉ុន្តែនឹងមានMoUមួយ មុននឹងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មកធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ ។

សម្រាប់ជំនួបនេះ លោក ឃួង ស្រេង បានលើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើន របស់រាជធានីភ្នំពេញ លើគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក​ ឃួង ស្រេង បានគូសបញ្ជាក់ថា ៣០ឆ្នាំកន្លងមកនេះ បារាំងបានជួយរាជធានីភ្នំពេញច្រើន ទាំង​បញ្ហាទឹកស្អាត​ អគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។បន្ថែមពីនេះបារាំងក៏បានជួយជ្រោមជ្រែងយ៉ាងខ្លាំង ក្នុងការនាំយកសន្តិភាពមកឱ្យកម្ពុជា តាមរយៈកិច្ចចរចារ សន្តិភាពនៅទីក្រុងប៉ារីស។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​អភិបាល​ បានប្រាប់ឯកអគ្គ​រដ្ឋ​ទូត​ថា​ ចំពោះកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុង​ដំណើរការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់កូហ្វូនី​ ជាពិសេស​សម្រាប់​ឯ​ប្រធានាធិបតីបារាំង​ អេម៉ានុយអែល ម៉ាក្រុង នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ គឺ​រដ្ឋបាលរាជធានីភ្នំពេញ​បានត្រៀមរួចរាល់ហើយ៕

To Top