កម្ពុជា-ចិន ដាក់ឲ្យដំណើរការជាផ្លូវការនូវ «យន្តការសហប្រតិបត្តិការ រវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន»
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយ សមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ «យន្តការសហប្រតិបត្តិការរវាង និងសមាគមសភាពាណិជ្ជកម្មចិន នៅកម្ពុជា» ក្រោមអធិបតីភាព លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជា-មានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

លោក វ៉ាង វិនពីន បានសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះការដាក់ឲ្យដំណើរការជាផ្លូវការនូវ «យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន» ដោយលោកបានលើកឡើងថា នេះគឺជាវិធានការវិជ្ជមានមួយ ក្នុងការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ច នៅប្រទេសចិន របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងជួយរឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ។
លោក វ៉ាង វិនពីន បានឱ្យដឹងថា ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ របស់កម្ពុជារយៈពេល១៤ឆ្នាំជាប់ៗគ្នា មកហើយ។ នៅក្នុងឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា បានកើនឡើង ២៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលកសិកម្ម និងផលិតផលពិសេសៗ ដែលមានគុណភាពខ្ពស់ របស់កម្ពុជាកាន់តែច្រើនឡើងៗដូចជា ធុរេន មៀនគៀម និងខ្នុរ ជាដើម ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន។
លោក វ៉ាង វិនពីន ជឿជាក់ថា យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន នឹងដើរតួនាទីយ៉ាងសកម្មក្នុង ទំនាក់ទំនងជាប្រចាំ រវាងសហគ្រាសចិន និងគយកម្ពុជា ដែលនឹងជួយលើកកម្ពស់ កម្រិតភាពងាយ សម្រួលនៃពាណិជ្ជកម្មបន្ថែមទៀត ព្រមទាំងរួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកធំធាត់ និងមានគុណភាពខ្ពស់ឡើង៕









