ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់ទុកសិក្ខាសាលារួមគ្នា រវាងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ជាព្រឹត្តិការណ៍ថ្មីមួយ ក្នុងការលើកកម្ពស់ សេវាសាធារណៈ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុក សិក្ខាសាលាចែករំលែកបទពិសោធ នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលរៀបចំឡើងរវាងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ជាព្រឹត្តិការណ៍ថ្មីមួយ ជួយលើកកម្ពស់ សេវាសាធារណៈ និងពង្រឹងការចូលរួម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាកសាងអង្គភាពផ្តល់ សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ។

ថ្លែងក្នុងឱកាសអញ្ជើញ ជាសហអធិបតី ក្នុងពិធីបិទសិក្ខាសាលា លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការរៀបចំសិក្ខាសាលានេះ ឱ្យដំណើរការទៅដោយរលូន សម្រេចលទ្ធផលប្រកប ដោយផ្លែផ្កា ស្របតាមគោលបំណងដែលបានគ្រោងទុក។
លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា សិក្ខាសាលានាឱកាសនេះ មិនត្រឹមតែជាការជួបជុំគ្នានោះទេ ផ្ទុយទៅវិញគឺជាចែករំលែកមេរៀន បទពិសោធល្អៗ ពាក់ព័ន្ធនឹងការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញ និងគាំទ្រដល់ចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ព្រមទាំងបានចែករំលែកនូវមេរៀន និងបទពិសោធជាក់ស្តែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់មួយចំនួន ដែលបានខិតខំដឹកនាំ សម្របសម្រួល និងគាំទ្រដល់អង្គភាពផ្តល់សេវាសាធារណៈ ឱ្យទទួលបានជ័យលាភីជាបន្តបន្ទាប់។
ប្រមុខក្រសួងមហាផ្ទៃ បានមានប្រសាសន៍ គូសបញ្ជាក់ថា សេវាសាធារណៈប្រកបដោយគុណភាព គឺជាគោលដៅចម្បង នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងន័យនេះ ដើម្បីធានាដល់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព លោកឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ជាអាទិ៍ ចេញពីការយល់ដឹងអំពីតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវចាត់ទុក ប្រជាពលរដ្ឋជាស្នូលនៃការរៀបចំ និងការផ្តល់សេវា ដើម្បីធានាការផ្តល់សេវាចំទិសដៅ ហើយជាមួយគ្នានេះ ត្រូវធានាភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕









