AHF ជំរុញឱ្យមានកំណែទម្រង់ បំណុលសកល ដើម្បីការពារមូលនិធិថែទាំសុខភាព ក្នុងប្រទេសកំពុងអភិវឌ្ឍន៍
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានអំពាវនាវ ឱ្យមានកំណែទម្រង់ជាបន្ទាន់ ចំពោះប្រព័ន្ធបំណុលសកល ដោយព្រមានថាបន្ទុកបំណុលកើនឡើងកំពុងបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេជាមូលដ្ឋានក្នុងការបំពេញតម្រូវការសាធារណៈ ។

ដោយចាប់ផ្តើមយុទ្ធនាការសកល «សេរីភាពពីបំណុល» របស់ខ្លួននៅទីក្រុងភ្នំពេញ នៅថ្ងៃទី ២៤ ខែកក្កដាឆ្នាំ២០២៦ និងបន្តទៅពេលខាងមុខ AHF បានប្រកាសថា ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបច្ចុប្បន្នបាន និងកំពុងបង្វែរធនធានសម្រាប់ទ្រទ្រង់មន្ទីរពេទ្យ សាលារៀន និងសេវាកម្មសំខាន់ៗផ្សេងទៀត ដែលធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ងាយរងគ្រោះទោះបីជាមានតម្រូវការអភិវឌ្ឍន៍កើនឡើងក៏ដោយ។

AHF កម្ពុជា បានអំពាវនាវ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាពអយុត្តិធម៌ពីការជាប់បំណុលទាមទារ ប្រព័ន្ធសកល ដែលផ្តល់អាទិភាពដល់ប្រជាជនជាជាងប្រាក់ចំណេញ» ដោយអះអាងថា ប្រទេសនានាមិនគួរមានការពិចារណា ពីការជ្រើសរើសរវាងការសងបំណុលដល់ម្ចាស់បំណុល និងការការពារសុខភាពសាធារណៈនោះទេ ។

អង្គការ AHF បានលើកឡើង ពីតួលេខសកលដែលបង្ហាញថាមនុស្ស ៣.៤ពាន់លាននាក់ឥឡូវនេះ រស់នៅក្នុងប្រទេស ដែលរដ្ឋាភិបាលចំណាយ ប្រាក់ច្រើនជាង លើការសងបំណុលជាងការថែទាំសុខភាព ឬការអប់រំ។ ទាំងនេះបានបញ្ជាក់ប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើនបង់ថ្លៃអត្រាការប្រាក់កម្ចីខ្ពស់ជាងប្រទេសអ្នកមានពីរទៅ ១០ដង ដែលនាំមានការកាត់បន្ថយការវិនិយោគលើប្រព័ន្ធសុខភាព ការអប់រំ និងការឆ្លើយតបទៅនឹងបំរែបម្រួលអាកាសធាតុ។

ថ្លែង នៅក្នុងពិធីពិភាក្សានេះ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF បានមានប្រសាសន៍ថា « ការថែទាំសុខភាព មិនគួរក្លាយជាជនរងគ្រោះ នៃការជាប់អន្ទាក់នៃបំណុលឡើយ។ នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្ខំឱ្យចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាងការចំណាយលើមន្ទីរពេទ្យ ការបង្ការជំងឺ និងការអប់រំ វាគឺធ្វើឱ្យប្រជាជនសាមញ្ញត្រូវចំណាយថ្លៃខ្ពស់បំផុត »។

AHF បានអះអាងថា វិបត្តិបំណុលរដ្ឋត្រូវបានជំរុញដោយច្បាប់ហិរញ្ញវត្ថុសកលមានភាពមិនស្មើគ្នា រចនាសម្ព័ន្ធសេដ្ឋកិច្ចប្រវត្តិសាស្ត្រ និងការគ្រប់គ្រង របស់អ្នកផ្តល់ប្រាក់កម្ចីពហុភាគី និងម្ចាស់បំណុលឯកជន ដែលធ្វើឱ្យប្រទេសក្រីក្រមិនមានអំណាចចរចាបានទូលំទូលាយ។ទាំងនេះបានបញ្ជាក់ថា រាល់ប្រាក់ដុល្លារដែលប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានពីជំនួយអន្តរជាតិ ប្រាក់រាប់ពាន់លានដុល្លារនឹងហូរចេញតាមរយៈការសងបំណុល វិធានការរឹតត្បិត ចន្លោះប្រហោងពន្ធដែលភ្ជាប់ទៅនឹងធនធានធម្មជាតិ និងលំហូរចេញហិរញ្ញវត្ថុផ្សេងទៀត ដែលពង្រីកវិសមភាព និងធ្វើឱ្យការអភិវឌ្ឍចុះខ្សោយរយៈពេលវែង។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF កម្ពុជាបានមានប្រសាសន៍ថា « បេសកកម្មរបស់ AHF លើសពីការព្យាបាលមេរោគអេដស៍។ ប្រព័ន្ធសុខាភិបាលរឹងមាំ និងប្រកបដោយចីរភាព តម្រូវឱ្យមានការវិនិយោគសាធារណៈគ្រប់គ្រាន់ ហើយវាក្លាយជាមិនអាចទៅរួច នៅពេលដែលប្រទេសនានាជាប់គាំងដែលមិនអាចទ្រទ្រង់បានដោយសារជាប់បំណុល»៕










