អ្នកនាំពាក្យក្រសួងការងារ ស្នើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមឈប់ យកបញ្ហាចាស់ៗ ពីពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត មកផ្សាយឡើងវិញ ដែលបង្កើតឱ្យមានការយល់ច្រឡំ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦នេះ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់បញ្ឈប់ការយកព័ត៌មានបញ្ហាចាស់ៗរបស់ពលករខ្មែរ ដែលធ្វើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត មកផ្សាយឡើងវិញ ដែលបង្កើតឱ្យមានការយល់ច្រឡំ។

លោក ស៊ុន មេសា បានថ្លែងថា ថ្មីនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលជាអ្នកបង្កើតមាតិកាសង្គម បានយកវិឌីអូបញ្ហារបស់ពលករខ្មែរ ដែលធ្លាប់ស្នើសុំជំនួយអន្តរាគមន៍ពីអាជ្ញាធរនៅប្រទេសអារ៉ាប៊ីសាអូឌីត។ វិឌីអូនោះ បានបង្ហាញពីការស្នើសុំជំនួយអន្តរាគមន៍ជួយពួកគាត់ឱ្យត្រឡប់មកកម្ពុជាវិញ។
លោកបន្តថា វិឌីអូនេះ បានកើតឡើងកាលពីឆ្នាំមុន ហើយពួកគាត់ ត្រូវបានអាជ្ញាធរកម្ពុជា និងអារ៉ាប៊ីសាអូឌីត ជួយសម្របសម្រួលឱ្យមានសុវត្ថិភាព ហើយពួកគាត់បានត្រឡប់មកដល់កម្ពុជាភ្លាមៗនោះផងដែរ។ ដូច្នេះសូមអ្នកប្រើប្រាស់សង្គមទាំងអស់មេត្តាលុបរាល់វិឌីអូទាំងនេះចេញវិញ ដើម្បីចៀសវាងការយល់ច្រឡំពីសាធារណៈជន។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖«ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ជាអាទិភាពរបស់បងប្អូនដែលធ្វើការងារនៅក្រៅប្រទេស ដោយរង់ចាំជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាឱ្យបានលឿនរហ័ស។ យើងមិនទុកឱ្យបងប្អូនយើងរងគ្រោះនៅក្រៅប្រទេសទេ គឺជួយសម្របសម្រួលទាំងយន្តការផ្លូវច្បាប់ជាតិ និងយន្តការអន្តរជាតិ»។
ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកព័ត៌មាន ត្រូវតែមានប្រភពច្បាស់លាស់ ដែលជាព័ត៌មានពិត ដោយចៀសវាងការចែកលែកព័ត៌មានក្លែងក្លាយ ឬព័ត៌មានចាស់ដែលកើតឡើងរាប់ឆ្នាំហើយ។ ការណ៍នេះបង្កឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕










