ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
កំពង់ចាម ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និង យុវជនជិត ៥០០នាក់។ វេទិកានេះរៀបចំឡើង ក្នុងគោលបំណងបន្តពង្រីកឱកាសការងារក្នុងស្រុក លើកកម្ពស់ការយល់ដឹង អំពីសន្តិសុខសង្គម និងផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងសហគ្រាស ក្រុមហ៊ុន និងវិស័យឯកជនជាច្រើនទៀត ។

ក្នុងឱកាសនេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជនដែលបានចូលរួមវេទិកា ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងអតីតពលករចំណាកស្រុក ចាប់យកឱកាសការងារក្នុងស្រុក ខណៈបច្ចុប្បន្ន សហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការបម្រើការងារក្នុងស្រុកដោយស្របច្បាប់ មិនត្រឹមតែផ្តល់ប្រាក់ចំណូលប្រកបដោយស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំពារក្រោមរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធានាសន្តិសុខសង្គមជូនកម្មករនិយោជិត។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភបំពានសិទ្ធិការងារ និងខ្វះការគាំពារ និងការការពារតាមផ្លូវច្បាប់។ ក្នុងករណីមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ចជាមុន។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានអំពីសេវា ប.ស.ស.។

ទន្ទឹមនឹងនេះ លោក កត្តា អ៊ន ក៏បានលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឱ្យចូលរួមសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈកម្មវិធី «TVET ១,៥ លាន» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ និងមានមុខជំនាញជាច្រើនស្របតាមតម្រូវការទីផ្សារការងារ រួមទាំងវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនជំនាញ និងពង្រីកឱកាសទទួលបានការងារសមរម្យ។

សូមជម្រាបថា វេទិកាការងារនេះ មានការចូលរួមពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដែលបាននាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត រោងចក្រ ស៊ីអិន លីហ័រ ប៊ែក (ខេមបូឌា) ក្រុមហ៊ុន ថាកូ អាហ្រ្គីនិង ក្រុមហ៊ុន ជាវ លីដា អេហ្គ្រិខលឈ័រ វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI)។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ សម្រាប់បញ្ជូនពលករទៅបម្រើការងារនៅប្រទេសជប៉ុន រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនណល សឺវីស ឯ.ក ដែលបានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកស្វែងរកការងារ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន៕
















