Feature

កម្ពុជា-ប្រេស៊ីល បើកទំព័រថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី​ វីវៀន ឡូស សានម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងចំណងមិត្តភាព និង ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីល ពិភាក្សាលទ្ធភាព នៃការពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងកំណត់វិស័យអាទិភាព និងយន្តការ ដែលអាចអនុវត្តបានសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី​ វីវៀន ឡូស សានម៉ាទីន និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរ ចំពោះលោកស្រីដែលទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជាដំបូងបង្អស់ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដែលជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកជឿជាក់យ៉ាងមុតមាំថា អាណត្តិបេសកកម្មរបស់លោកជំទាវនឹងដើរតួនាទីជាស្ពានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ប្រេស៊ីល និងបើកទ្វារឱ្យមានកិច្ចសហប្រតិបត្តិការថ្មីៗ លើគ្រប់វិស័យដែលមិនត្រឹមតែវិស័យការងារ សន្តិសុខសង្គម និង TVET នោះទេ។

លោកមានប្រសាសន៍ថា ទោះបីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ សន្តិសុខសង្គម និង TVET ស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ក៏ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកំពុងមានការរីកចម្រើនជាបន្តបន្ទាប់។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាឱ្យពលករបរទេស រួមទាំងជនជាតិប្រេស៊ីលទទួលបានការការពារ ភាពស្មើគ្នា និងអត្ថប្រយោជន៍ ប.ស.ស. ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា។ ជាមួយនឹងការចាប់អារម្មណ៍លើប្រព័ន្ធ TVET ជាពិសេស S-System លោកបានលើកឡើងពីលទ្ធភាពនៃសហប្រតិបត្តិការលើការបណ្តុះបណ្តាលគ្រូបង្គោល និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន កម្មវិធី TVET ការអភិវឌ្ឍកម្មវិធីសិក្សា កម្មវិធីហាត់ការងារនៅកន្លែងការងារ និងការកែច្នៃផលិតផលកសិកម្ម និងបច្ចេកវិទ្យាកសិកម្មជាដើម។

លោករដ្ឋមន្រ្តីបានបញ្ជាក់ នូវការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតប្រេស៊ីល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោកសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងប្រេស៊ីលនឹងធ្វើការកាន់តែជិតស្និទ្ធ ដើម្បីបំប្លែងការពិភាក្សាដំបូងនេះទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ គ្រឹះស្ថានបណ្តុះបណ្តាល និងនិយោជកនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកស្រី​ វីវៀន ឡូស សានម៉ាទីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តីក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ កិច្ចពិភាក្សាប្រកបដោយផ្លែផ្កានាពេលនេះ ព្រមទាំងបានបង្ហាញពីផែនការយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ លោកស្រីក៏បានសម្តែងនូវសោមនស្សរីករាយ និងមោទនភាព ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ប្រចាំកម្ពុជា ដែលជាការបង្កើតប្រវត្តិសាស្រ្តថ្មី នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ប្រេស៊ីល ព្រមទាំងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ប្រេស៊ីលក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ។ លោកស្រីមានប្រសាសន៍ថា អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់លោកស្រី​ គឺការជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំ និង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីឈ្វេងយល់ពីអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងកំណត់វិស័យ ដែលអាចពង្រឹងកិច្ច សហប្រតិបត្តិការរួមគ្នា។ លោកស្រីក៏បានកោតសរសើរចំពោះវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សាហូបនីយកម្ម និងធនធានមនុស្ស ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបំពាក់ជំនាញសមស្របដល់កម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោកស្រីបន្តថា ប្រព័ន្ធ S-System របស់ប្រេស៊ីល គឺជាគំរូបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានប្រវត្តិយូរអង្វែង និងទទួលបានការគាំទ្រ តាមរយៈការរួមចំណែករបស់និយោជក ដោយផ្តោតលើការអភិវឌ្ឍជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ ។ លោកស្រីក៏បានស្នើចែករំលែកបទពិសោធ និងជំនាញរបស់ប្រេស៊ីល ជាមួយកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ TVET ការកសាងសមត្ថភាព និងវិស័យអាទិភាពផ្សេងៗ ព្រមទាំងបានអះអាងជាថ្មី ពីការត្រៀមខ្លួនរបស់ប្រេស៊ីលក្នុងការផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេស ស្របតាមអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

To Top