ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោសបន្ថែម ដល់លោក កឹម សុខា ដែលបើកផ្លូវ ឱ្យចេញទៅក្រៅប្រទេសបាន
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យ លើកលែងទោសបន្ថែម ដល់លោក កឹម សុខា ដែលបើកផ្លូវឱ្យ ធ្វើដំណើរចាកចេញទៅក្រៅប្រទេសបាន។
យោងតាមព្រះរាជក្រឹត្យ នស/រកត/០៧២៦/៧៣៣ បានត្រាស់បង្គាប់ថា៖
មាត្រា១ : លើកលែងទោសចំពោះទោសបន្ថែម ឱ្យឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ត្រង់ចំណុចការហាមឃាត់ ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសតាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
មាត្រា២ : ការលើកលែងទោសចំពោះទោសបន្ថែមនេះ មិនអនុវត្តចំពោះទោសបន្ថែមផ្សេងទៀតឡើយ។
មាត្រា៣ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕









