សម្តេចធិបតី ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត នូវកំណែទម្រង់ដ៏សំខាន់ ពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូច និងមធ្យម
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់មួយពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូច និងមធ្យម (SME)។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់ មួយពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូចនិងមធ្យម (SME) ដោយត្រូវសហការគ្នាធ្វើយ៉ាងណាឱ្យដំណើរការចុះបញ្ជី ប្រព្រឹត្តទៅបានលឿនរហ័ស ដោយមិនតម្រូវឱ្យសហគ្រិនត្រូវសុំច្បាប់ក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ ពោលគឺក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រួលនីតិវិធីទាំងអស់ជូនដល់អ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចនឹងតាមដានដោយផ្ទាល់ដើម្បីជំរុញឱ្យការងារនេះសម្រេចបានជោគជ័យ៕









