សម្តេចធិបតី ណែនាំឱ្យត្រៀមឆ្លើយតប នូវមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ ជួយង្គ្រោះប្រជាពលរដ្ឋ ចំពោះបាតុភូតធម្មជាតិអែលនីញ៉ូ
ភ្នំពេញ ៖ ចំពោះបាតុភូតធម្មជាតិអែលនីញ៉ូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមឆ្លើយតបនូវ មធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយង្គ្រោះ ប្រជាពលរដ្ឋក្នុងករណីចាំបាច់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
ចំពោះបាតុភូតធម្មជាតិអែលនីញ៉ូ សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តតាមដាន ការវិវត្តន៍និងផ្សព្វផ្សាយជាប្រចាំជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ និងត្រៀមឆ្លើយតបនូវមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។
លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រៀមបំរុងស្បៀងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។
ក្រសួងសុខាភិបាល ត្រូវបន្តផ្សព្វផ្សាយ អំពីវិធានការការពារខ្លួនពីផលប៉ះពាល់ពីបាតុភូតនេះ។ ក្រសួងរ៉ែ និងថាមពល ត្រូវត្រៀមថាមពលអគ្គិសនីដើម្បី ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។
ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវស្វែងយល់អំពីតម្រូវការជាក់ស្តែង និងឆ្លើយតបឱ្យបានទាន់ពេលវេលា៕









