Feature

ប្រមុខការទុតកម្ពុជា ៖ បញ្ហាព្រំដែនគោកនិងសមុទ្រ គឺជាបញ្ហាពីរដាច់ ដោយឡែកពីគ្នា ដែលមិនអាចយកបញ្ហាមួយទៅរារាំង វឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាមួយទៀតឡើយ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា បញ្ហាព្រំដែនគោកនិងព្រំដែនសមុទ្រ គឺជាបញ្ហាពីរដាច់ ដោយឡែកពីគ្នា ដែលមិនអាចយកបញ្ហាមួយទៅរារាំង វឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាមួយទៀតឡើយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៧ វេទិកាតំបន់អាស៊ានលើកទី៣៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ បន្ថែមថា ទោះបីកម្ពុជា កំពុងប្រឈមមុខ ទៅនឹងការលំបាកទាំងនេះក៏ដោយ កម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវមធ្យោបាយដោះស្រាយវិវាទ ដោយសន្តិវិធីទាំងព្រំដែនសមុទ្រនិងព្រំដែនគោក។ កម្ពុជាបានផ្ដួចផ្ដើមប្រើប្រាស់ យន្តការនៃការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាការឆ្លើយតបទៅនឹង ការលុបចោល ដោយឯកតោភាគីរបស់ថៃ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU 2001) ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ ការឆ្លើយតប របស់កម្ពុជា គឺប្រកបដោយសន្តិវិធី ស្របតាមច្បាប់ និង មានលក្ខណៈស្ថាបនា ។ បច្ចុប្បន្ននេះ ដោយប្រទេសទាំងពីរ កំពុងចូលរួម ក្នុងដំណើរការផ្សះផ្សានេះ កម្ពុជាសង្ឃឹមថា ដំណើរការនេះ នឹងប្រព្រឹត្តទៅដោយសុចរិត និងនាំទៅរកដំណោះស្រាយ ដែលអាចទទួលយកបាន ទៅវិញទៅមក ផ្អែកលើច្បាប់អន្តរជាតិ ដូចដែលបាន បង្ហាញតាមរយៈលទ្ធផលវិជ្ជមាន ក្នុងករណីរវាងប្រទេសទីម័រឡេស្តេនិងអូស្ត្រាលី ដែលជាគូភាគីដំបូងបានទទួលយក នីតិវិធីផ្លូវច្បាប់នេះ។

ប្រមុខការទូតកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមថា អភិក្រមដូចគ្នានេះ ណែនាំ​ពីអភិក្រមរបស់កម្ពុជា ចំពោះបញ្ហាព្រំដែនគោក ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង រួមជាមួយនឹងសន្ធិសញ្ញានិងផែនទី។

ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ថា បញ្ហាព្រំដែនគោកនិងព្រំដែនសមុទ្រ គឺជាបញ្ហាពីរដាច់ ដោយឡែកពីគ្នា ដែលស្ថិតក្រោមក្របខ័ណ្ឌច្បាប់ពីរផ្សេងគ្នា ដូច្នេះមិនមានហេតុផលផ្នែកច្បាប់ឬផ្នែកតាមការ អនុវត្តជាក់ស្ដែងណាមួយ ដែលយកបញ្ហាមួយទៅរារាំង វឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាមួយទៀតឡើយ។

ប្រមុខការទូតកម្ពុជា បញ្ជាក់ជាថ្មីថា គោលដៅរបស់កម្ពុជា នៅតែជាដំណោះស្រាយប្រកបដោយ យុត្តិធម៌ សន្តិភាព និងយូរអង្វែង ដែលអាចអនុញ្ញាតឱ្យប្រជាជនទាំងពីរ រស់នៅជាប់គា្ន ដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម៕

To Top