Feature

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាព បាញ់ថ្នាំលាបរថយន្ត មួយកន្លែងក្នុងខណ្ឌសែនសុខ ដោយមិនគោរព តាមវិធានការបរិស្ថាន

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ យានដ្ឋាន វណ្ណៈ ហេង ដែលមានទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា យានដ្ឋាននេះបានអនុវត្តសកម្មភាពបាញ់ថ្នាំលាបរថយន្ត ដោយមិនមានប្រព័ន្ធគ្រប់គ្រង និងបង្ការការបំពុលបរិយាកាសឱ្យបានត្រឹមត្រូវ បណ្តាលឱ្យអ័ព្ទថ្នាំលាប និងចំហាយសារធាតុគីមីគ្រោះថ្នាក់ភាយចេញដោយផ្ទាល់ទៅក្នុងបរិយាកាសជុំវិញ។ ការបំពុលនេះបានបង្កឱ្យមានក្លិនរំខាន ប៉ះពាល់ដល់គុណភាពខ្យល់ និងបង្កហានិភ័យដល់សុខភាពសាធារណៈ។

ក្រុមការងារត្រួតពិនិត្យ ក៏បានរកឃើញផងដែរថា យានដ្ឋាននេះមិនបានអនុវត្តតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្វគាំពារបរិស្ថាន ស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន។

ជាលទ្ធផល ក្រុមការងារបានសម្រេច បញ្ជាឱ្យផ្អាកជាបន្ទាន់នូវសកម្មភាពបាញ់ថ្នាំលាបរថយន្ត រហូតដល់ម្ចាស់អាជីវកម្មអនុវត្ត ឱ្យបានពេញលេញតាមវិធានការបរិស្ថាន និងបញ្ចប់នីតិវិធីច្បាប់ពាក់ព័ន្ធ។

ថ្នាំលាបរថយន្តមានផ្ទុកសារធាតុគ្រោះថ្នាក់ជាច្រើន រួមមាន សារធាតុសរីរាង្គងាយហួត (Volatile Organic Compounds – VOCs) សារធាតុរំលាយ (Solvents) លោហៈធ្ងន់ និងភាគល្អិតតូចៗក្នុងបរិយាកាស។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា «ការការពារសុខភាពសាធារណៈ និងបរិស្ថាន គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យគ្រប់អាជីវកម្មអនុវត្តសកម្មភាពរបស់ខ្លួនដោយគោរពយ៉ាងពេញលេញតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន ព្រមទាំងអនុវត្តវិធានការបង្ការ និងកាត់បន្ថយការបំពុល ដើម្បីការពារសហគមន៍ និងបរិស្ថានជុំវិញ»៕

To Top