លោក អ៊ន សុផល្លា គណៈអភិបាលស្រុកក្រគរ អញ្ជើញ ជួបសំណេះសំណាល និងផ្តល់ការ លើកទឹកចិត្ត ដល់សិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប
នាថ្ងៃទី២៧ខែ កក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរបានអញ្ជើញ ជួបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងឱកាសនោះ លោក អ៊ន សុផល្លា បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សា និងត្រៀមខ្លួនសម្រាប់ការ ប្រឡងដ៏មានសារៈសំខាន់នេះ។ លោកក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង រក្សាវិន័យ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីមានស្មារតីរឹងមាំក្នុងការបំពេញវិញ្ញាសាប្រឡង។
លោកក៏បានផ្តាំផ្ញើឱ្យសិស្សានុសិស្សមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន គោរពបទបញ្ញត្តិនៃការប្រឡង ប្រកួតប្រជែងដោយសមត្ថភាពពិតប្រាកដ និងរក្សាកិត្តិយសជាសិស្សល្អ។

ជាទីបញ្ចប់ លោក អ៊ន សុផល្លា បានជូនពរសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ សូមឱ្យទទួលបានជោគជ័យក្នុងការប្រឡង ទទួលបាននិទ្ទេសល្អ និងសម្រេចក្តីប្រាថ្នា ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយជាធនធានមនុស្ស ដ៏មានគុណភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
អត្ថបទនេះដោយ ÷ ខេម៉ា | ដើមអម្ពិល











