Feature

អភិបាលរាជធានីភ្នំពេញ​​ នាំយកទៀនវស្សា បច្ច័យ និងទេយ្យទាន ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាស ចំនួន១៥១វត្ត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​​ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។

ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តច័ន្ទបុរីវង្ស របស់សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្រាប់១៥១វត្ត និងសាលាបុណ្យ៥កន្លែង ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទាន ក្នុងមួយវត្តនិងសាលាបុណ្យនីមួយៗ មានបច្ច័យ៣០ម៉ឺនរៀល, ទៀនព្រះវស្សា១គូ, អង្ករ១០០គីឡូក្រាម, សាដក១, ស្ករស២៥គីឡូក្រាម, ទឹកដោះគោខាប់១កេស ស្មើ៤៨កំប៉ុង,ទឹកក្រូច៥កេស,ទឹកសុទ្ធ៥កេស, មី៥កេស,ត្រីខកំប៉ុង១កេស ស្មើ១០០កំប៉ុងផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទំនៀមទំលាប់ ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួម ពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។

ក្នុងឱកាសនោះសម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការដល់ អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង កូនៗ ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់​ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ៕

To Top