Feature

CMAC ចុះស្រង់គ្រាប់មិនទាន់ផ្ទុះ ពីបាតទន្លេជាង៥០០គ្រាប់ និងបន្ទះដែកនាវាជិត២ពាន់គីឡូ

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីជំនាញ នៃអង្គភាពមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC)បានចុះស្រង់គ្រាប់បែកមិនទាន់ផ្ទុះ ពីបាតទន្លេចំនួន៥៤១គ្រាប់ និងបន្ទះដែកនាវាចំនួន១.៦៩៦គីឡូក្រាម។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ កិច្ចប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងនាវាដែលបានលិច នៅបាតទន្លេប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ហេង រតនា អគ្គនាយក នៃអង្គភាពមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានថ្លែងថា ក្នុងឆមាសទី១ ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៦នេះ អង្គភាព CMAC ក្នុងនាមជាសេនាធិការ ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយ ករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ បានធ្វើកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងភូមិសាស្រ្តភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង សម្រេចបានលទ្ធផល គួរឱ្យកត់សម្គាល់ដោយបានរុករកឃើញ និងស្រង់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បានចំនួនសរុបមានចំនួន៥៤១គ្រាប់ និងស្រង់បន្ទះដែកនាវាលិចបាតទន្លេ បានចំនួន១.៦៩៦គីឡូក្រាម។

លោកបន្តថា បើគិតលទ្ធផលកិច្ចប្រតិបត្តិការនេះ សរុបជារួមចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់ដោយបានរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២៦.៩៦៧គ្រាប់ បន្ទះដែកនាវានិងអំបែងយុទ្ធភណ្ឌសង្គ្រាម សរុបចំនួនប្រមាណជាង ២៧៦,៧០តោន។

បើតាមលោកហេង រតនា គ្រាប់យុទ្ធភណ្ឌទាំងនេះ ត្រូវបានធ្វើការកម្ទេចចោលចំនួន១៥.១៩១គ្រាប់ និងដោះបន្សាបបានចំនួន៨.២៤៦គ្រាប់។

សូមបញ្ជាក់ថា ការងារបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់បំណែកនាវាដែលលិចនៅបាតទន្លេនេះ មិនត្រឹមតែបានចូលរួម លុបបំបាត់ហានិភ័យដែលបន្សល់ពីសង្គ្រាម និង ការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសុវត្ថិភាព នៃការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទន្លេ និងផ្លូវសមុទ្រ ដែលជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់របស់ប្រទេស។ ការបោសសម្អាត និងបើកផ្លូវទឹកឱ្យមានសុវត្ថិភាព ក៏បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ការធ្វើពាណិជ្ជកម្ម ការនេសាទ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ៕

To Top