វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បើកទ្វារឱ្យសិស្សវិទ្យាល័យមកទស្សនកិច្ច ដើម្បីស្វែងយល់សក្តានុពលខ្លួនឯង កម្មវិធីបណ្តុះបណ្តាលជំនាញ និងការអនុវត្តជាក់ស្តែង
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA បានបើកឱកាសដល់សិស្សវិទ្យាល័យ ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្មវិធីបណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យសិស្សមានទំនុកចិត្ត ក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ កំពង់ក្តី និងវិទ្យាល័យ វ៉ារិន ជាង២០០នាក់ បានចុះ ទស្សនកិច្ចសិក្សា មកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA ដោយបានមកសិក្សាស្វែងយល់ ពីជំនាញបច្ចេកទេស ដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល ព្រមទាំងដើរទស្សនាតាមថ្នាក់រៀន រោងជាង គ្រឿងឧបករណ៍បរិក្ខារដែលបម្រើដល់ការរៀន និងបង្រៀនផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការផ្តល់ឱកាសចុះទស្សនកិច្ចបែបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជំរុញឱ្យយុវជនបានស្គាល់កាន់តែច្បាស់ពីការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាជម្រើសមួយសម្រាប់ការកសាងជំនាញ អាជីព និងចំណូលប្រកបដោយចីរភាព ស្របតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ។

លោកថ្លែងថា៖«ទី១គឺជាការផ្តល់ជម្រើសជូនពួកគាត់បន្ថែមទៀត ទី២ គឺឱ្យសិស្សគាត់ដឹងពីសក្តានុពលរបស់ពួកគាត់ ហើយក៏ជាការបង្ហាញ ពួកគាត់ពី សក្តានុពលរបស់ប្រទេសជាតិ ដែលជាតម្រូវការរបស់សង្គមជាតិរបស់យើងដែរ» ។

បើតាមលោក ស៊ុន មេសា អំឡុងពេលទស្សនកិច្ចផ្ទាល់ នៅសាលាបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ សិស្សបានឃើញទាំងឃើញការសិក្សា ការអនុវត្តជាក់ស្តែង ឧបករណ៍ទំនើបៗ និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យពួកគេមានទំនុកចិត្ត ក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា ដែលសមស្របនឹងខ្លួនឯង ៕

















