Feature

សម្តេច ទៀ បាញ់ ៖ ចំណងមិត្តភាព “ត្បូងពេជ្រ” កម្ពុជា-ចិន នឹងបន្តរីកចម្រើន

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាបានថ្លែងថា ចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន នឹងបន្តរីកចម្រើនលូតលាស់។

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន “១ សីហា ១៩២៧-១ សីហា ២០២៦” សម្តេច ទៀ បាញ់មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ”នេះក៏បានផ្តល់ផលប្រយោជន៍ ជាក់ស្តែងបន្ថែមទៀតដល់កងទ័ព និងប្រជាជនទាំងពីរ កម្ពុជា-ចិនផងដែរ។

ចំណែកលោក វ៉ាង វីនពីន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ យ៉ាងខ្លាំងដែលបានចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ជាមួយសម្តេច ទៀ បាញ់ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំយោធាកម្ពុជា។

ឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់ថា ចំណងមិត្តភាពដែកថែបរវាងយោធាចិន និងកម្ពុជា និងរវាងប្រទេសចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ។
សូមបញ្ជាក់ថា ចំណងមិត្តភាព “ត្បូងពេជ្រ” កម្ពុជា-ចិន គឺជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រស៊ីជម្រៅលើវិស័យនយោបាយ កសិកម្ម និងថាមពល ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់៕

To Top