កម្ពុជា គាំទ្រសកម្មភាព របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ ជីវភាពសហគមន៍
ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា បានប្រកាសគាំទ្រសកម្មភាព របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធនាការបៃតង និងពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន ដើម្បីឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូ អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision Cambodia ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កន្លងមកអង្គការដៃគូនៅក្នុងប្រទេសកម្ពុជា បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការទស្សនពិភពលោក ដែលកំពុងអនុវត្តការដាំដើមឈើ និងការថែរក្សាព្រៃឈើ ដែលមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រជាសហគមន៍ អាចទាញប្រាក់ចំណូលបន្ថែម និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។

ក្នុងឱកាសនេះ លោកស្រីបណ្ឌិត Than Thi Ha បានលើកឡើងថា អង្គការ World Vision នឹងបន្តចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ដោយការតភ្ជាប់កិច្ចការពារបរិស្ថាន ទៅនឹងការបង្កើនចំណូល សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញឱ្យប្រជាជនចេះថែរក្សា ការពារព្រៃឈើ ការដាំស្តារព្រៃឈើឡើងវិញ និងការបង្កើតមុខរបរក្រៅពីការដាក់សម្ពាធលើព្រៃឈើ។ ការងារនេះជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងធានាបាននូវការរស់នៅប្រកបដោយចីរភាព៕










