ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ រដូវកាលបៃតងឆ្នាំ២០២៦ ពីថ្ងៃទី៨-៩សីហា ដើម្បីលើកកម្ពស់ សក្តានុពលទេសចរណ៍ធម្មជាតិ
ភ្នំពេញ៖ ដើម្បីបន្តជំរុញ និងលើកកម្ពស់សក្តានុពល ទេសចរណ៍ធម្មជាតិ ក៏ដូចជាការទាក់ទាញលំហូរភ្ញៀវទេសចរ ឱ្យទៅកម្សាន្តនៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល បៃតងឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍ខាងលើនេះ នឹងត្រូវធ្វើឡើងក្រោម អធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្នុងគោលបំណងសំខាន់ៗដូចជា៖ (១) លើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ភូមិភាគឦសាន (២) ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ ដល់ប្រជាពលរដ្ឋក្នុងតំបន់ និង(៣) ចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនា កម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងការទាក់ទាញលំហូរភ្ញៀវ និងរបាយទេសចរជាតិ-ទេសចរអន្តរជាតិពេញមួយឆ្នាំ និងគ្រប់រដូវកាល។
ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម ក្រសួងទេសចរណ៍ ក៏បានរៀបចំនូវកម្មវិធីអម សំខាន់ដូចខាងក្រោម៖
- ស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល មុខម្ហូបប្រចាំតំបន់ភូមិភាគឦសានដ៏មានឱជារស ផ្លែឈើធម្មជាតិ ប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋាន
- វេទិកាជជែកស្តីពី “សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦»
- កម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជន ក្រោមប្រធានបទ “រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ ទេសចរណ៍ក្នុងរដូវកាលបៃតង”
- កម្មវិធីសម្តែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្ត្រី៕









