សិស្សវិទ្យាល័យនានា ជិត១ពាន់នាក់ មកទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង
តាកែវ ៖ សិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តតាកែវ សរុបជិត ១ពាន់នាក់ បានមកធ្វើទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់អំពីការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កម្មវិធីបណ្តុះបណ្តាលជំនាញ បរិក្ខារសិក្សាទំនើបៗ ជម្រើសមុខរបរ និងឱកាសការងារនាពេលអនាគត ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជួយឱ្យសិស្សានុសិស្សទទួលបានការយល់ដឹងកាន់តែច្បាស់អំពីជម្រើសនៃការសិក្សាជំនាញ បង្កើនការត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តបន្តការសិក្សា និងកំណត់ទិសដៅអាជីពស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នេះជាឱកាសឱ្យសិស្សវិទ្យាល័យ បានទស្សនាផ្ទាល់នូវបរិវេណសិក្សា បន្ទប់ពិសោធន៍ និងរោងជាងអនុវត្ត ព្រមទាំងស្វែងយល់ពីការបណ្តុះបណ្តាលបែបអនុវត្ត និងសម្ភារបរិក្ខារទំនើប ស្របតាមតម្រូវការវិស័យឧស្សាហកម្ម ។

លោកថ្លែងថា៖«នេះជាឱកាសមួយឱ្យសិស្សវិទ្យាល័យស្វែងយល់ពីជម្រើសមុខជំនាញដែលមានច្រើន ហើយរៀនរយៈពេលខ្លី ស្វែងយល់ពីជម្រើសមុខរបរ បង្កើតជម្រើសជីវិតខ្លួនឯង ក៏ដូចជាបង្ហាញ ពីឧបករណ៍ទំនើបៗ និងសក្តានុពលរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ»។

ជាមួយគ្នានេះ ក្រុមការងាររបស់វិទ្យាស្ថាន បានធ្វើបទបង្ហាញ និងផ្សព្វផ្សាយអំពីកម្មវិធីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងផ្តល់ព័ត៌មានលម្អិតអំពីមុខជំនាញអាទិភាព លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន អត្ថប្រយោជន៍នៃការសិក្សា ឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុនឯកជន ក៏ដូចជាឱកាសទទួលបានការងារធ្វើក្រោយពេលបញ្ចប់ការសិក្សា ដល់សិស្សវិទ្យាល័យ រួមមានសិស្សមកពីវិទ្យាល័យអង្គរកា អង្គសង្កែ វត្តបារាយណ៍ ថ្នល់បំបែក ខ្សាច់ស ព្រៃមេលង សម្តេចឳ ក្តីទន្ទឹម និងវិទ្យាល័យសុខ អាន សូបិណ។

បន្ថែមពីនេះ សិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងការសាកសួរ ផ្លាស់ប្តូរយោបល់ និងស្វែងយល់ពីបទពិសោធន៍សិក្សា ជីវភាពរស់នៅក្នុងវិទ្យាស្ថាន និងឱកាសអភិវឌ្ឍសមត្ថភាព ដែលបានរួមចំណែកបង្កើនការយល់ដឹង និងជំរុញទឹកចិត្តឱ្យពួកគេពិចារណា ជ្រើសរើសការសិក្សាជំនាញជាផ្លូវមួយឆ្ពោះទៅរកការងារមានគុណភាព និងប្រាក់ចំណូលសមរម្យនាពេលអនាគត៕














