Feature

លោក ស សុខា អំពាវនាវអង្គការ សមាគម ដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់អភិវឌ្ឍន៍ជាតិ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអំពាវនាវដល់អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួម លើកកម្ពស់ការអភិវឌ្ឍជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។

ក្នុងពិធីបិទវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ស សុខា បានអំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្តថា វេទិកាដែលបានរៀបចំរហូតមកដល់លើកទី៧នេះ បានស្តែងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងពង្រឹងយន្តការសន្ទនាជាប្រព័ន្ធរវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ក្នុងស្មារតីជាដៃគូពិតប្រាកដ។

លោកបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តរក្សាជំហរ ចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការស្តារ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ចាប់តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ការចុះបញ្ជីអង្គការសង្គមស៊ីវិលក្នុងស្រុក មានចំនួនសរុប ៦ ៥៩៧ ក្នុងនោះមានសមាគមចំនួន ៣ ០០១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៩៦។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានចាត់ទុកវេទិកាលើកទី៧នេះ ជាវេទិកាដ៏មានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើការ របៀបទំនាក់ទំនង របៀបទទួលសេវា និងរបៀបដែលប្រជាពលរដ្ឋចូលរួមនៅក្នុងកិច្ចការសង្គម ។ ដូច្នេះ បរិបទឌីជីថល បានបង្កើតឱកាសថ្មីៗ សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មាន កៀរគរធនធាន សម្របសម្រួលសកម្មភាព ផ្តល់សេវាដល់សហគមន៍ និងបង្កើនការចូលរួមរបស់ពលរដ្ឋ ៕

To Top