ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់ លទ្ធភាពទទួលបាន ទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាព ទទួលបានទឹកផឹកសុវត្ថិភាព សម្រាប់ទាំងអស់គ្នា” ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ជូន អំពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ដ្រ និងគោលបំណងនៃពិធីប្រកាស និងសិក្ខាសាលាពិគ្រោះយោបល់នេះផងដែរ។

ជាមួយគ្នានោះដែរ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី អង្គការភ្លែនអន្តរជាតិ បានឡើងថ្លែងចំណាប់អារម្មណ៍ ដោយបានបញ្ជាក់អំពីការចូលរួមគាំទ្រ វិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងការអរគុណចំពោះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការទាំងអស់ ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីសមិទ្ធផល និងការអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបន្ដវេន ប្រកបដោយគតិបណ្ឌិតនិងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពី ការចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងផែនការយុទ្ធសាស្ដ្រនានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងការងារ ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ លោករដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល តាមរយៈការរៀបចំនិងអនុវត្តដោយជោគជ័យគួរជាទីមោទនៈ នូវផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ។ ផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធ រៀបចំផែនការយុទ្ធសាស្រ្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ ព្រមទាំងបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំស្ដីពី ការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី បានសំណូមពរដល់អង្គពិធីទាំងមូល យកចិត្តទុកដាក់ពិភាក្សា ឱ្យបានសកម្ម ក្នុងការផ្តល់ជាមតិយោបល់ដែលនឹងប្រើប្រាស់ជាធាតុចូល ដើម្បីឱ្យការរៀបចំគោលការណ៍ណែនាំនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយម៕

To Top