ក្រសួង អំពាវនាវឱ្យពង្រឹងសុវត្ថិភាព ការធ្វើនាវាចរណ៍ ក្រោយមានករណីនាវាប៉ះទង្គិចគ្នា នៅចំណុចកំពង់ចម្លង ជ្រោយចង្វារ-ស្វាយជ្រុំ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យពង្រឹងសុវត្ថិភាព ការធ្វើនាវាចរណ៍ ក្រោយមានករណីនាវាប៉ះទង្គិចគ្នា នៅចំណុចកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ ។
តាមរយៈសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់នាវាចរណ៍ ១ករណី ដោយនាវាចម្លង១គ្រឿង មានបញ្ហាបច្ចេកទេស បានប៉ះទង្គិចជាមួយនាវាដឹកខ្សាច់ ១គ្រឿង ដែលករណីនេះ បានកើតឡើងនៅចំណុចឆ្លង កាត់កំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ និងបណ្តាលឱ្យមានការខូចខាតកម្រិតស្រាលទៅលើនាវាទាំងពីរ។

ដើម្បីធានាបាននូវសុវត្ថិភាព និរន្តរភាពនៃការធ្វើនាវាចរណ៍ ការការពារទ្រព្យសម្បត្តិនិងអាយុជីវិតរបស់អ្នក ធ្វើដំណើរតាមផ្លូវទឹក ក៏ដូចជាបង្ការគ្រោះថ្នាក់ជាយថាហេតុនានាកុំឱ្យបន្តកើតមាន អគ្គនាយកដ្ឋាន បានអំពាវនាវ ដល់ម្ចាស់នាវា ប្រតិបត្តិករនាវា អ្នកបើកបរនាវា និងក្រុមហ៊ុនដឹកជញ្ជូន តាមផ្លូវទឹកទាំងអស់ ចូលរួមគោរព និងអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ដូចជា៖ រាល់ការធ្វើនាវាចរណ៍ នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពតាមបទប្បញ្ញត្តិនាវាចរណ៍។
អគ្គនាយកដ្ឋាន បន្ដថា ត្រូវធ្វើដំណើរក្នុងល្បឿនសុវត្ថិភាព និងរក្សាចម្ងាយសុវត្ថិភាពជានិច្ច ដើម្បីបង្ការ បញ្ចៀសការប៉ះទង្គិច និងបញ្ឈប់ចលនានាវាបានសមស្របទៅតាមកាលៈទេសៈនិងស្ថានភាពជាក់ស្តែងទាំងនៅពេលពេលធ្វើដំណើរតាម បណ្តោយប្រឡាយនាវាចរណ៍ ការប្តូរទិសបើកបរ/ល្បឿនបើកបរ ឬការធ្វើដំណើរឆ្លងកាត់ទទឹង។
អគ្គនាយកដ្ឋាន បន្ថែមថា ត្រូវពិនិត្យស្ថានភាពបច្ចេកទេសនាវា រួមមានប្រព័ន្ធម៉ាស៊ីន ប្រព័ន្ធភ្លើង ប្រព័ន្ធទំនាក់ទំនង និងត្រូវមាន បំពាក់ឧបករណ៍សុវត្ថិភាពនៅលើនាវាឱ្យបានគ្រប់គ្រាន់សមស្របទៅនឹងចំនួនអ្នកដំណើរលើនាវា។ ត្រូវធានាថានាវារបស់ខ្លួនដែលកំពុងធ្វើនាវាចរណ៍ បានចុះបញ្ជីនាវាត្រឹមត្រូវ ហើយនាវិកដែលបំពេញ ការងារនៅលើនាវាទាំងអស់ មានវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិក ដែលចេញដោយ អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ស្របតាមមុខងារនិងកម្រិតសមត្ថភាពដូចបានកំណត់នៅលើវិញ្ញាបនបត្រ។
ជាងនេះទៅទៀត ត្រូវជូនដំណឹងអំពីករណីឧបទ្ទវហេតុគ្រោះថ្នាក់នាវាជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ចជិតបំផុតនិង មកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីចុះធ្វើការស៊ើបអង្កេតគ្រោះថ្នាក់នាវាចរណ៍និងរៀបចំ របាយការណ៍សម្រាប់ការកែលម្អផ្នែកបច្ចេកទេស៕









