សម្តេចធិបតី អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី «ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល»នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ការចុះបញ្ជីដីធ្លី ជាប្រព័ន្ធក្នុងខេត្តកណ្តាល បានចាប់ផ្តើមពីឆ្នាំ២០០២ ហើយបច្ចុប្បន្នខេត្ត បានរៀបចំក្រុមការងារចំនួន ១១ក្រុម ដែលមានសមាជិកសរុប ១ ១៨៧នាក់ ដើម្បីសម្រេចកិច្ចការ ចុះបញ្ជីដីធ្លី ជាប្រព័ន្ធតាមអភិក្រម «ចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ»។
ខេត្តកណ្តាលដែលមាន ១៣ ក្រុង-ស្រុក ១២៧ ឃុំ-សង្កាត់ និង ១ ០១០ភូមិ មានក្បាលដីប៉ាន់ស្មានសរុប ៨៦៦ ៧០០ ក្បាលដី។ គិតចាប់ពីពេលអនុវត្ត រហូតដល់ត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ គឺបានវាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យបាន ១០០ភាគរយ។

ក្នុងចំណោមក្បាលដីទាំងនោះ ចេញបណ្ណកម្មសិទ្ធិសរុប ៧៨៥ ៦៣៦បណ្ណ (ស្មើនឹង ៩០,៦៥%) ចែកដល់ដៃ ប្រជាពលរដ្ឋបានចំនួន ៥២២ ៥៥៨បណ្ណ (ស្មើនឹង ៦៦,៥១%), បណ្ណនៅសល់ចំនួន ២៦៣ ០៧៨បណ្ណ (ស្មើនឹង ៣៣,៤៩ភាគរយ។ ក្នុងចំណោមបណ្ណនៅសល់នេះ មានបណ្ណ ១៣១ ៣៤៣បណ្ណ កំពុងបន្តចែក និងបណ្ណ ១៣១ ៧៣៥បណ្ណ ជាប់ពន្ធ៤ភាគរយ៕









