លោក កិត្តិសង្គហបណ្ឌិត គន់ គីម និង លោក ខូយ រីដា គណៈអភិបាល ខេត្តពោធិ៍សាត់ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សា ពីផលប៉ះពាល់ ដែលបង្កឡើងដោយគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ ដែលបង្កឡើងដោយគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំសាលាស្រុកបាកាន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យស្ថានភាពជាក់ស្តែង នៃគ្រោះរាំងស្ងួត ដែលកំពុងកើតមានឡើង ព្រមទាំងពិភាក្សា អំពីវិធានការ សង្គ្រោះបន្ទាន់ ក្នុងការអន្តរាគមន៍បូមទឹកសង្គ្រោះ របស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការ ខ្វះខាតទឹកស្រោចស្រព ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំបានដាក់ចេញ នូវទិសដៅការងារសំខាន់ៗ ដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីចុះជួយអន្តរាគមន៍ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាត់បន្ថយការខូចខាត ផលដំណាំឱ្យនៅកម្រិតទាបបំផុត។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក និងឃុំ ត្រូវបន្តតាមដាន ស្ថានភាពអាកាសធាតុ និង ប្រភពទឹកជាប្រចាំ ដោយមិនត្រូវបណ្តែតបណ្តោយ ឱ្យប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាកដោយសារខ្វះទឹកប្រើប្រាស់ និងទឹកស្រោចស្រពដំណាំឡើយ៕




អត្ថបទដោយ÷រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល









