សម្តេចធិបតី ៖ ទោះជួបបញ្ហាព្រំដែន តែមិនបានធ្វើឱ្យត្រកូលហ៊ុន និងបក្សប្រជាជនដួលរលំ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ទោះបីជាជួបបញ្ហាព្រំដែនកម្ពុជា-ថៃក៏ដោយ ក៏មិនបានធ្វើឱ្យត្រកូលហ៊ុន និងគណបក្សប្រជាជនកម្ពុជា ដួលរលំនោះទេ ប៉ុន្តែនឹងកាន់តែធ្វើឱ្យរឹងមាំបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា ក្រោយមានបញ្ហាព្រំដែនកម្ពុជា-ថៃ កើតឡើងមានបុគ្គលជ្រុលនិយម មួយចំនួន បានរិះគន់ជាន់ពន្លិចកម្ពុជាថែមទៀត ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហាព្រំដែននេះ ពុំបានធ្វើឱ្យកម្ពុជាបែកបាក់អ្វីឡើយ ។
សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “យើងរួមគ្នា ជាពិសេសទោះបីជា យើងមានបញ្ហាព្រំដែនយើងរួមគ្នា ។ មានអ្នកខ្លះគេដាក់ទិសដៅគិតថា សង្គ្រាមព្រំដែននេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជារលំ ជាពិសេសគេថា ត្រកូលហ៊ុននឹងរបូតអំណាច ដោយសាររឿងព្រំដែន គេនឹងវ៉ៃ អត់ទេ កុំថាគណបក្សប្រជាជន ឬប្រទេសកម្ពុជា បែកបាក់អត់មានទេ ។ រឿងជាតិនិយមនេះ ធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា” ។
សម្តេចធិបតីមានប្រសាសន៍បន្តថា ប៉ុន្តែផ្ទុយទៅវិញបញ្ហា ដែលកើតមានឡើង ធ្វើឱ្យមានកំលាំងចិត្ត ដែលត្រូវធ្វើការវះកាត់ចំណុចមិនល្អ ចេញហើយដាក់ចេញនូវវិធានការមុតស្រួច ដើម្បីអនុវត្តជាក់ស្តែង ឱ្យជាតិរឹងមាំ ទោះបីជាជួបបញ្ហាប្រឈមខ្លះក៏ដោយ ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា វិធានការមុតស្រួលក្នុងគោលបំណង ឱ្យយុវជនជំនាន់ក្រោយកាន់តែរឹងមាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គឺជាគ្រឹះយ៉ាងរឹងមាំ ដែលធ្វើឱ្យកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំ ទោះបីជាត្រូវប្រឈមមុខ នឹងបញ្ហាព្រំដែន ឬសម្ពាធពីខាងក្រៅ ក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ ។ យុទ្ធសាស្ត្រគន្លឹះដែលបង្ហាញ ពីភាពរឹងមាំរបស់កម្ពុជារួមមាន ៖ ការពារបូរណភាពទឹកដីតាមផ្លូវច្បាប់ និងការទូត , ការពង្រឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងនយោបាយការបរទេសពហុភាគី ៕









