កម្ពុជា បណ្ដេញជនជាតិវៀតណាម ២១នាក់ ចេញពីប្រទេស បន្ទាប់ពីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិ វៀតណាម ចំនួន ២១នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិក្អមសំណរ។

ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេបានប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន , លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ នៅកម្ពុជា។
ប្រតិបត្តិការបណ្ដេញចេញជនជាតិ បរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាង ម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។

អាជ្ញាធរ ត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ៕









