វិទ្យាស្ថាន NTTI ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែងលើជំនាញចំនួន៨ ដល់យុវជន ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយទទួលបានប្រាក់ឧបត្ថម្ភ
ភ្នំពេញ ៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១ ៩០០កន្លែងលើមុខជំនាញចំនួន ៨ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពីរាជរដ្ឋាភិបាល។

បើតាមវិទ្យាស្ថាន NTTI បានឱ្យដឹងថា ជំនាញទាំង ៨នោះរួមមាន ការដំឡើងនិងថែទំាបណ្តាញអគ្គិសនី, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការដំឡើងខ្សែកាបទូរគមនាគមន៍ (ឌីធីវី អ៊ីនធឺណេត ខ្សែទូរសព្ទ),ការថែទាំនិងជួសជុលឧបករណ៍អេឡិចត្រូនិក, ការថែទាំនិងជួសជុលឧបកណ៍មេកាត្រូនិក, ការថែទាំនិងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម, និង ការជួសជុលនិងថែទាំឧបករណ៍ថាមពលកកើតឡើងវិញ(សូឡា)។

ក្នុងខែសីហានេះ វិទ្យាស្ថានគ្រោងនឹងបើកវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០១៦ ៦០៩ ១៩៦/ ០១៧ ៥២៥ ៨០៥/ ០១០ ៤១១ ៧៧៦ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕













