Feature

អធិការដ្ឋាននគរបាលស្រុកក្រគរ ប្រគល់លិខិតសរសើរ ជូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ដើម្បីលើកទឹកចិត្ត និងជំរុញការបំពេញ ភារកិច្ចបម្រើប្រជាពលរដ្ឋ

ពោធិ៍សាត់ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកស្នងការនគរបាលខេត្ត បានអញ្ជើញប្រគល់លិខិតសរសើរ ជូនដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ វិន័យ និងសម្រេចបានស្នាដៃល្អក្នុងការបម្រើប្រជាពលរដ្ឋ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ។

ការប្រគល់លិខិតសរសើរនេះ គឺជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងនគរបាលទាំងអស់ ឱ្យបន្តខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំ និងបន្តបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មានតម្លាភាព និងប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក មោក ភារម្យ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំងអស់ និងបានណែនាំឱ្យបន្តពង្រឹងវិន័យ សីលធម៌វិជ្ជាជីវៈ បង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរឡើង។

អត្ថបទនេះដោយ÷ខេម៉ា | ដើមអម្ពិល

To Top