កម្ពុជា-UN ដាក់គោលដៅរួមគ្នា លើកកម្ពស់សិទ្ធិមនុស្ស ឱ្យកាន់តែប្រសើរ
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៩ កក្កដា នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក ថូម៉ាស់ អេនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា (UN) បានដាក់គោលដៅរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស ឱ្យកាន់តែប្រសើរ ។
ក្នុងឱកាសនោះដែរ លោក ថូម៉ាស់ អេនឌ្រូ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះការសម្របសម្រួលរបស់កម្ពុជា ក្នុងនោះក៏រួមទាំងក្រសួងមហាផ្ទៃ សម្រាប់ការចុះបំពេញ បេសកកម្មជួបជាមួយបណ្ដាតួអង្គ និងនៅតាមគោលដៅសំខាន់ៗ ប្រកបដោយភាពរលូន និងសុវត្ថិភាព។ លោក ក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្ដ្រី នូវព័ត៌មានមួយចំនួន ដែលប្រមូលបានពាក់ព័ន្ធនឹង សមត្ថកិច្ចក្រសួងមហាផ្ទៃ និងក៏បានកោតសរសើរសេចក្ដីក្លាហាន និងការសម្របសម្រួលជូនលោកដោយបើកចំហឱ្យចូលទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែផងដែរ។
លោកឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនអ្នករាយការណ៍ពិសេសថា ឈរលើមរតកដឹកនាំប្រកបដោយការតស៊ូ និងវឌ្ឍនភាពដ៏គួរឱ្យស្ញប់ស្ញែងលើគ្រប់វិស័យ របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាប្រមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្ដេជ្ញាចិត្តដឹកនាំរាជរដ្ឋាភិបាលបន្តវេន ដោយប្រកាន់ខ្ជាប់ការគោរព និងលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងលំហប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញរបស់ជាតិ និងគោលការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស។
ភាគីទាំងពីរ ក៏បានសន្យាផ្ដល់ កិច្ចសហការដល់គ្នាទៅវិញ ទៅមកប្រកបដោយភាពស្មោះត្រង់ ដើម្បីរួមគ្នាបន្តបេសកកម្ម លើកកម្ពស់សិទ្ធិមនុស្ស នៅកម្ពុជាឱ្យបានកាន់តែប្រសើរ ឈរលើគោលការណ៍ច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា និងក្របខណ្ឌច្បាប់ ព្រមទាំងគោលការណ៍ជាសកល របស់អង្គការសហប្រជាជាតិ ៕









