មជ្ឃមណ្ឌលបណ្ដុះបណ្ណាល PTCST ផ្តល់អាហារូបករណ៍ ២ពាន់កន្លែង ដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅក្នុងខេត្តស្ទឹងត្រែង តាមរយៈកម្មវិធី TVET 1.5M
ស្ទឹងត្រែង ៖ មជ្ឃមណ្ឌលបណ្ដុះបណ្ណាលវិជ្ជាជីវៈខេត្ដស្ទឹងត្រែង( PTCST) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ២ ០៩០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមមជ្ឈមណ្ឌល PTCST បានឲ្យដឹងថា ជំនាញទាំង ១២ នោះរួមមាន ការងារកំបោរ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការផ្សារអគ្គិសនី, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការថែទាំ និងជួសជុលទោចក្រយាន្ដយន្ដ, ការរចនាក្រាហ្វិកដោយកុំព្យទ័រ, ការដាំ ថែទាំ និងប្រមូលដំណាំស្វាយចន្ទី, ការធ្វើម្ហូបខ្មែរ, ធុរកិច្ចភេសជ្ជៈ, ការកែច្នៃបន្លែ និងផ្លែឈើ និងការចិញ្ចឹមត្រីប្រា។

ជំនាញទាំងនេះត្រូវបានជ្រើសរើស ដោយផ្អែកលើតម្រូវការជាក់ស្ដែងនៃទីផ្សារការងារ កង្វះអ្នកជំនាញ និងឱកាសការងារខ្ពស់ក្រោយបញ្ចប់ការសិក្សា។ សិក្ខាកាមក៏អាចយកជំនាញទៅប្រកបរបរ ឬអភិវឌ្ឍអាជីវកម្មនៅក្នុងខេត្ត និងសហគមន៍របស់ខ្លួនបានផងដែរ។
សិក្ខាកាមអាចជ្រើសរើសវេនសិក្សាដែលសមស្របនឹងពេលវេលារបស់ខ្លួន រួមមានវេនសិក្សា ចន្ទ-សុក្រ ព្រឹក-រសៀល សិក្សារយៈពេល ៤ខែ, វេនសិក្សា ចន្ទ-សុក្រ ព្រឹក ឬរសៀល សិក្សារយៈពេល ៦ខែ, វេនសិក្សា ចន្ទ-សុក្រ យប់ សិក្សារយៈពេល ៨ខែ និងវេនសិក្សា សៅរ៍-អាទិត្យ សិក្សារយៈពេល ១០ខែ។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៧ ៨៨៨ ៦៦៦២ / ០៧១ ៩៧០ ៩០៦៤/ ០៩៥ ៤៧ ៨៧៧១ ឬអញ្ជើញមកមជ្ឃមណ្ឌលបណ្ដុះបណ្ណាលវិជ្ជាជីវៈខេត្ដស្ទឹងត្រែង(PTCST) ដែលមានអាសយដ្ឋាន ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង(ខាងកើតស្ពានសេកុង ៥០០ម៉ែត្រ)។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕










