Feature

ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA

សៀមរាប៖ វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ(NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុប ១,៤៥០​នាក់ ផ្ដោត​លើជំនាញ​ចំនួន ៧ និងផ្ដល់ជូន​នូវប្រាក់​ឧបត្ថម្ភ​ជារៀង​រាល់ខែ​សម្រាប់​យុវជន​ដែល​មក​ពីគ្រួសា​រក្រី​ក្រ និង​ងាយ​រង​ហា​និភ័យ ក្រោមកម្មវិធី TVET ១.៥លានរបស់​សម្ដេចធិបតី។

បើតាមវិទ្យាស្ថាន NPIA បានឱ្យដឹងថា ជំនាញទាំង៧ នោះរួមមាន ការដំឡើងបណ្តាញ​បំពង់ទឹក, ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ, សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន, ជំនាញ​ថែទាំ និង​ជួសជុល​រថយន្ត, ជំនាញ​ធ្វើ​នំ, ជំនាញ​ធុរកិច្ច​ភេជ្ជ, និង​ជំនាញ​ការ​ងារ​កំបោរ។

ក្នុងខែ​សីហានេះ វិទ្យាស្ថាន​គ្រោងនឹងបើ​កវគ្គសិ​ក្សាថ្មី ចាប់ផ្តើម​ចុះឈ្មោះចូល​រៀន​ចាប់​ពីថ្ងៃ​ជូន​ដំណឹ​ងនេះតទៅ ដោយ​អាចទាក់​ទង​សាក​សួរព័ត៌​មាន​បន្ថែម​តា​មរយៈទូរសព្ទ​លេខ ០៨៧ ៥២៧ ៨៧៦/ ០១២ ៥៩៦ ៤៦៦/ ០៩៣ ៤០៣ ៨៥២ ឬអញ្ជើញមកទី​តាំងរបស់​វិទ្យាស្ថាន​ជាតិ​ពហុប​ច្ចេក​ទេ​ស​អង្គរ (NPIA) ស្ថិតនៅ​តាមបណ្តោយ​វិថីសម្ដេច វិបុលបញ្ញា សុខ អាន (ពីរង្វ​ង់មូលអប្សរា​ឆ្ពោះទៅខាងកើត​ចម្ងាយ ១,៥០០ម៉ែត្រ)។

គួររម្លឹកថា កម្មវិធី​បណ្ដុះបណ្ដាលជំនាញវិជ្ជា​ជីវៈ និងបច្ចេកទេសដល់យុវជ​នគោលដៅមកពីគ្រួ​សារក្រីក្រ និងគ្រួសារ​ងាយរ​ងហា​និភ័​យ​នៅ​ទូទាំ​ង​ប្រទេស​ចំ​នួនប្រមា​ណ ១,៥លាន​នាក់ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវបានផ្ដួ​ចផ្ដើម​ឡើងដោយស​ម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រ​កាសដាក់ឱ្យអនុវត្តដោ​យសម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រ​កម្ពុជា កាល​ពីថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

To Top