រដ្ឋមន្ត្រី ហួត ហាក់ ៖ «វេទិកាទេសចរណ៍ធុរកិច្ច ឆ្នាំ២០២៦» ជាវេទិកាដ៏សំខាន់ សម្រាប់ផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ និងឱកាសវិនិយោគ របស់កម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុក «វេទិកាទេសចរណ៍ធុរកិច្ច ឆ្នាំ២០២៦» គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងបដិសណ្ឋារកិច្ច ។

ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងពិធីបើកជាផ្លូវការ «វេទិកាទេសចរណ៍ធុរកិច្ច ឆ្នាំ២០២៦» គាំទ្រយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍រដូវកាលបៃតង និងសក្តានុពលទេសចរណ៍ របស់ខេត្តព្រះសីហនុ និងកម្ពុជា, (២) ជំរុញការតភ្ជាប់រវាងវិស័យទេសចរណ៍ និងវិនិយោគ តាមរយៈការផ្គូផ្គងធុរកិច្ច និងការជួបពិភាក្សារវាងវិនិយោគិន, និង (៣) ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ជាពិសេសពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា ក្នុងអំឡុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង។ ព្រឹត្តិការណ៍អន្តរជាតិនេះ ក៏បានការរៀបចំព្រឹត្តការណ៍អមជាច្រើន ដូចជាការផ្គូផ្គររវាងអ្នកលក់ ៣៨ក្រុមហ៊ុន និងអ្នកទិញ២៨ ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍ ជាមួយលទ្ធផលរំពឹងទុក ចុះកិច្ចព្រមព្រៀងលើសពី៥០%, ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផល ភូមិ១ ផលិតផល១ ព្រមទាំងព្រឹត្តិការណ៍កីឡាទេសចរណ៍៖ ការប្រដាល់គុនខ្មែរ, ការប្រកួតបាល់ទះលើឆ្នេរខ្សាច់, ការប្រកួយវាយកូនឃ្លីលើតុ។ល។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគពីបរទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការ លើកទឹកចិត្តជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការវិនិយោគ ជាពិសេសការលើកលែងទិដ្ឋាការ ជូនប្រជាជនចិនរយៈពេល ៥ខែ ក្នុងអំឡុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះ គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងបដិសណ្ឋារកិច្ច។ ទន្ទឹមនឹងនេះ វេទិកានេះក៏ជាឱកាស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីរួមគ្នាជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។

ក្នុងបរិយាកាសដ៏អធិកអធម នៃការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី មានទស្សនគតិសំខាន់ៗចំនួន៣ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគនៅខេត្តព្រះសីហនុដោយ ទី១.បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ច ឱ្យកាន់តែងាយស្រួល នៅខេត្តព្រះសីហនុទី២.បន្តពង្រីកគុណភាពសេវាកម្ម និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ដើម្បីត្រៀមខ្លួន ទទួលយកភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ព្រមទាំងយកចិត្តទុកដាក់ ក្នុងការបង្កើតអត្តសញ្ញាណ និងការនិទានរឿង (Storytelling) របស់ខេត្ត សំដៅលើកស្ទួយ និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ ឱ្យកាន់តែទូលំទូលាយ និងទី៣. បន្តជំរុញការផ្សព្វផ្សាយ ពីភាពទាក់ទាញរបស់កម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងសក្តានុពលពិតប្រាកដ របស់ខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ជាពិសេសទីផ្សារប្រទេសចិន។

លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាទេសចរណ៍ ធុរកិច្ច ឆ្នាំ២០២៦ នេះ នឹងសម្រេចបាន នូវកិច្ចព្រមព្រៀងធុរកិច្ចជាច្រើន ព្រមទាំងរួមចំណែកផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ និងកាលានុវត្តភាព វិនិយោគរបស់ខេត្តព្រះសីហនុ និងកម្ពុជាទាំងមូល ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យមានលំហូរភ្ញៀវទេសចរ និងការវិនិយោគកាន់តែច្រើនថែមទៀត៕









